លោកបណ្ឌិត ហ៊ុនម៉ាណែត: កម្ពុជា ទាក់ទាញ បានលំហូរ FDI ជិត៤៥ពាន់ លាន ដុល្លារ ក្នុង រយៈពេល៣០ឆ្នាំចុងក្រោយនេះ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ប្រទេសកម្ពុជាបានទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ជិត៤៥ពាន់លានដុល្លារក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ហើយតួលេខនេះបានកើនឡើងលើសទ្វេរដងចាប់តាំងពីឆ្នាំ២០១៤មក។

នេះ បើយោងតាម ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ា ណែ ត អគ្គមេបញ្ជាការ រង នៃ កងយោធពល ខេមរភូមិន្ទ និង ជា អគ្គមេបញ្ជាការ នៃ កងយោធពល ខេមរភូមិន្ទ បានថ្លែង សុន្ទរកថា គន្លឹះ ក្នុង ពិធី អបអរសាទរ ខួប លើក ទី ៣០ នៃ សភាពាណិជ្ជកម្ម អន្តរជាតិ កម្ពុជា (IBC)នៅរាជធានីភ្នំពេញ។នៅក្នុងពិធីជប់លៀងអាហារថ្ងៃត្រង់ ដែលរៀបចំឡើងពាក់ព័ន្ធនឹងការប្រារព្ធពិធីនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កំណើនដ៏គួរឱ្យកត់សម្គាល់នៃលំហូរ FDI បង្ហាញពីការទាក់ទាញជាបន្តបន្ទាប់របស់កម្ពុជាសម្រាប់វិនិយោគិន និងអ្នកធុរកិច្ចអន្តរជាតិក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ តាមរយៈគោលជំហរបើកចំហចំពោះការវិនិយោគអន្តរជាតិ និងគោលនយោបាយមិត្តភាពពាណិជ្ជកម្មរបស់កម្ពុជា។

ឯកឧត្តមបណ្ឌិតបានកត់សម្គាល់ថា ការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំឱ្យមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការបង្កើតការងារ សមធម៌សង្គម និងការពង្រឹងអភិបាលកិច្ចនៅក្នុងស្ថាប័នរដ្ឋាភិបាល។យោងតាមឯកឧត្តមបណ្ឌិតបានឱ្យដឹងថា ការខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីក្លាយខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ឥឡូវនេះ កំពុងឈានទៅរកការផ្លាស់ប្តូរផ្លូវបំបែកបន្ថែមទៀតនៅក្នុងវិស័យសេដ្ឋកិច្ច-សង្គម។

ដើម្បីជួយដល់ការផ្លាស់ប្តូរដែលកំពុងបន្តនេះ រាជរដ្ឋាភិបាលកម្ពុជាបានវិនិយោគលើវិស័យអាទិភាពសំខាន់ៗ ជាមួយនឹងច្បាប់វិនិយោគថ្មី ដែលមានគោលបំណងផ្តល់ការលើកទឹកចិត្តដល់វិស័យអាទិភាព ដើម្បីជំរុញការអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបង្កើតការងារ ការបណ្តុះបណ្តាលជំនាញ ការស្រាវជ្រាវ ការច្នៃប្រឌិត សហគ្រាសធុនតូច និងមធ្យម។

ទោះបីជាមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកក្តី ក៏សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងក្នុងអត្រា៥,៥ភាគរយនៅឆ្នាំនេះ និង៦ភាគរយនៅឆ្នាំក្រោយ ដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏រឹងមាំ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម ហើយសម្ពាធអតិផរណាត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងកម្រិតមធ្យម៣%នៅឆ្នាំ២០២៣នេះ និង៤%នៅឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា“ដើម្បីបង្កើនសក្តានុពលបន្ថែមទៀតរបស់កម្ពុជាសម្រាប់កំណើនសេដ្ឋកិច្ចនៅក្នុងពិភពលោកក្រោយកូវីដ យើងត្រូវផ្តោតការខិតខំប្រឹងប្រែងរបស់យើងលើការអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជា។  យើងត្រូវតែធានាថា យើងមានហេដ្ឋារចនាសម្ព័ន្ធ និងជំនាញចាំបាច់ ដើម្បីផលិតទំនិញ និងសេវាកម្មដែលប្រជាជនយើងត្រូវការ ជាពិសេសក្នុងវិស័យនានាដូចជា សន្តិសុខស្បៀង និងការបង្កើតថាមពល”។

ឯកឧត្តមបណ្ឌិតក៏បានទាញចំណាប់អារម្មណ៍ចំពោះព្រឹត្តការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣នេះផងដែរ ដើម្បីបង្ហាញកម្ពុជាទៅកាន់ពិភពលោក និងផ្តល់ឱកាសមួយទៀតក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងពាណិជ្ជករផងដែរ។

ឯកឧត្តមបណ្ឌិតក៏បានអំពាវនាវផងដែរ ឱ្យមានការប្រព្រឹត្តទៅដោយសន្តិវិធីនៃការបោះឆ្នោតសកលនៅខែកក្កដាខាងមុខ ព្រោះថា នេះជាការចាំបាច់ ដើម្បីជៀសវាងការរំខានដល់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ និងធានាលំហូរនៃការវិនិយោគចូលមកកម្ពុជាឱ្យបានយ៉ាងរលូនក្រោយវិបត្តិកូវីដ-១៩៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here