វៀតណាម កំណត់គោលដៅបង្កើនសមត្ថភាពផលិតថាមពលអគ្គិសនីលើសទ្វេរដង

0

 

ដោយៈ សុខុម

ហាណូយ: វៀតណាម មានបំណងបង្កើនសមត្ថភាពផលិតថាម​ពលអគ្គិសនីរបស់ខ្លួនលើសទ្វេរដង នៅត្រឹមឆ្នាំ២០៣០ ប៉ុន្តែបានបន្ទាបវិញបន្តិច នូវគោលដៅរបស់ខ្លួន សម្រាប់ការផលិតអគ្គិសនីដើរដោយថាមពលខ្យល់លើសមុទ្រ (Offshore Wind) ហើយនឹងពឹងផ្អែកខ្លាំងលើធ្យូងថ្មរហូតដល់ដំណាច់ទសវត្សរ៍នេះ។

យោងតាមឯកសារមួយទទួលបាន ដោយទីភ្នាក់ព័ត៌មាន Reuters ដែលលម្អិតអំពីផែនការរបស់រដ្ឋាភិបាលវៀតណាម ដែលបានពិភាក្សាជាមួយក្រុមវិនិយោគិន និងអ្នកការទូតបរទេសកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា បង្ហាញថា សមត្ថភាពផលិតថាមពលដែលបានដំឡើងសរុបក្នុងប្រទេសវៀតណាម ត្រូវបានព្យាករថានឹងឈានដល់១៥៨ជីហ្គាវ៉ាត់ (GW) នៅត្រឹមឆ្នាំ២០៣០ បើធៀបនឹងការប៉ាន់ប្រមាណមុនៗ និងកើនឡើងពី៦៩ជីហ្គាវ៉ាត់ (GW) ក្នុងឆ្នាំ២០២០។

ខ្លឹមសារមួយចំនួន រួមទាំងគោលដៅបង្កើនសមត្ថភាពផលិតថាមពលអគ្គិសនីទាំងមូល ត្រូវបានចុះផ្សាយលើគេហទំព័ររបស់រដ្ឋាភិបាលវៀតណាម។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃសុក្រ ទី៥ ខែឧសភាកន្លងមកនេះ។

ឯកសារដដែលបង្ហាញថា គោលដៅឆ្នាំ២០៣០ សម្រាប់សមត្ថភាពផលិតអគ្គិសនី ដើរដោយថាមពលខ្យល់លើសមុទ្រ (Offshore Wind) ដែលគេរំពឹងថានឹងទាក់ទាញការវិនិយោគ បរទេសរាប់ពាន់លានដុល្លារអាមេរិក នោះត្រូវបានកំណត់ក្នុងរង្វង់៦ជីហ្គាវ៉ាត់ (GW) ពីចំណុចសូន្យនៅពេលនេះ ពោលគឺទាបជាងបន្តិចបើធៀបនឹងគោលដៅ៧ជីហ្គាវ៉ាត់ (GW) ដែលត្រូវបានរាប់បញ្ចូល ក្នុងផែនការអភិវឌ្ឍន៍ថាមពលរបស់ប្រទេសនេះ។

មនុស្សពីរនាក់ដែលស្និទ្ធនឹងការពិភាក្សានេះ បានទម្លាយឱ្យដឹងថា ឯកសារនេះបានសង្ខេបឡើងវិញ នូវកំណែថ្មីនៃផែនការថាមពលដែលក្រសួងឧស្សាហកម្ម បានរៀបចំកាលពីសប្តាហ៍មុន ហើយរង់ចាំការអនុម័តពីរដ្ឋាភិបាល។ទោះជាយ៉ាងណា ភ្លាមៗក្រសួងនេះមិនអាចទាក់ទងសុំការបំភ្លឺបានទេ។

ផែនការនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីឈានទៅទទួលបាន “មូលនិធិសម្រាប់ការផ្លាស់ប្ដូរ ទៅរកថាមពលបៃតង” (Green-Transition Fund) ចំនួន១៥,៥ពាន់លានដុល្លារអាមេរិក ដែលកាលពីខែធ្នូ ចុងឆ្នាំ២០២២ ក្រុមប្រទេស G7 និងប្រទេសអ្នកមានផ្សេងទៀតបានសន្យា ផ្ដល់ឱ្យប្រទេសវៀតណាម ប៉ុន្តែការអនុម័តផែនការនេះ ត្រូវបានពន្យារពេលជាច្រើនឆ្នាំ ស្របពេលមានជម្លោះផ្ទៃក្នុង និងកំណែទម្រង់ស្មុគស្មាញ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here