ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការអភិវឌ្ឍន៍នៅទិសទាំង៤នៃរាជធានីភ្នំពេញ បាននិងកំពុងមានល្បឿន និងនិន្នាការខុសៗគ្នា។តំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ កំពុងក្លាយជាតំបន់ឧស្សាហកម្ម និងពាណិជ្ជកម្ម ដ៏គួរឱ្យទាក់ទាញមួយក្រោយតំបន់នេះមានការអភិវឌ្ឍលំនៅឋានកាន់ច្រើន ដោយឃើញថាបុរីល្បីៗនៅក្នុងប្រទេសកម្ពុជាបានងាកទៅអភិវឌ្ឍន៍នៅតំបន់នោះ។
ជាការកត់សម្គាល់គេសង្កេតឃើញថា តំបន់ប៉ែកខាងលិចកាលពីប៉ុន្មានមុននេះ គឺជាតំបន់ដែលប្រសិទ្ធនាមថា តំបន់រោងចក្រ ប៉ុន្តែបច្ចុប្បន្នបន្ថែម ពីលើតំបន់រោងចក្រឧស្សាហកម្ម ទិសខាងលិចជាពិសេសនៅក្នុងខណ្ឌកំបូល ត្រូវបានគេមើលឃើញថា កំពុងតែទាក់ទាញ ខ្លាំងលើការអភិវ ឌ្ឍលំនៅឋាន និងកំពុងក្លាយជាតំបន់ពាណិជ្ជកម្មផងដែរ ។
-->
គម្រោងដែលលេចធ្លោជាងគេ ក្នុងតំបន់ប៉ែកខាងលិចនោះ ជាគម្រោងអភិវឌ្ឍន៍ លំនៅឋានរបស់អ្នកឧកញ៉ាហុង ពីវ ដែលជាម្ចាស់ក្រុមហ៊ុនពិភពថ្មីគ្រុប ដែលអ្នកអភិវឌ្ឍន៍រូបនេះ កំពុងបង្ហាញសាច់ដុំ និងកំពុងបន្តអភិវឌ្ឍន៍គម្រោងថ្មីៗបន្ថែមទៀត ខណៈបច្ចុប្បន្នគម្រោងលំនៅឋានរបស់អ្នកឧកញ៉ាហុង ពីវរាប់ល្វែងកំពុងធ្វើឱ្យតំបន់កំបូល ក្លាយជាតំបន់លំនៅឋានដ៏ទាក់ទាញ។
អ្វីដែលពិសេសនោះ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយនេះ ក៏កំពុងសាងសង់អគារមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ នៅកំបូលដែលអាចធ្វើឱ្យតំបន់នេះ ក្លាយជាតំបន់ពាណិជ្ជកម្ម និងអ៊ូរអរបន្ថែមទៀត ។ក្រៅពីនេះក៏មានសាលារៀនអន្តរជាតិ គម្រោងផ្សារជិត១០ក៏កំពុងតែដំណើរការយ៉ាងរលូនផងដែរ។ ក៏មានគម្រោងផ្សេងទៀតក្រៅពីគម្រោងរបស់ក្រុមហ៊ុនពិភពថ្មីគ្រុប បង្ហាញវត្តមាននៅតំបន់ខាងលិចរាជធានីភ្នំពេញ ។
តាមការវាយតម្លៃនិងសិក្សារបស់ ក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia បានឱ្យដឹងថា ខណ្ឌកំបូលជាខណ្ឌមួយ ដែលមានការទាក់ទាញលើការអភិវឌ្ឍលំនៅឋាន ជាពិសេសលំនៅឋានតម្លៃសមរម្យ ដើម្បីបំពេញតម្រូវការលើទីផ្សារ ។
តាមការអង្កេតជចាក់ស្តែងបានបង្ហាញឲ្យឃើញថា នៅតំបន់ក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនោះផងដែរ ក៏មានគម្រោងខុនដូតម្លៃសមរម្យមួយ បានបើកដំណើរការសាងសង់ កាលពីប៉ុន្មានខែមុន ដែលគម្រោងនេះដែរក៏ជាការទាក់ទាញមនុស្ស ឱ្យទៅរស់នៅតំបន់ទិសខាងលិចបន្ថែមទៀតផងដែរ។
សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់បានមានប្រសាសន៍ថា តំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ ភាគច្រើនជាតំបន់រោងចក្រ សហគ្រាសទាំងនៅតាមផ្លូវជាតិលេខ៣ លេខ៤ និងផ្លូវមួយចំនូនទៀត។ មូលហេតុនេះ ទើបធ្វើឲ្យតំបន់នេះមានមនុស្សរស់នៅច្រើន និងទាក់ទាញការអភិវឌ្ឍគំរោងលំនៅដ្ឋាន ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតមធ្យម។
លោកបន្តថា “ប៉ុន្តែតំបន់នេះមានសក្តានុពល លើការចាប់ផ្តើមអាជីវកម្ម ដែលមានលក្ខណៈSME និងលំនៅដ្ឋានដែលគួរមានលក្ខខ័ណ្ឌបង់ប្រាក់សមរម្យ”៕