ដោយគង់ សូរិយា
ភ្នំពេញ ៖ ខេត្តព្រះសីហនុបាននិងកំពុងក្លាយជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញយ៉ាងស្ងៀមស្ងាត់ តើខេត្តនេះមានកត្តាអ្វីខ្លះដែលទាក់ទាញការវិនិយោគយ៉ាងឆាប់រហ័សបែបនេះ។
អភិបាលខេត្តព្រះសីហនុ លោកយន្ត មីនបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤កន្លែង កំពុងដំណើរការមានរោងចក្រតូច-ធំសរុប១៦០កន្លែង និងសិប្បកម្ម១.០៣៧កន្លែង ស្រូបយកកម្លាំងពលកម្មសរុប៦៨.៣៥៤នាក់។
ភ្ញៀវទេសចរណ៍ជាមធ្យមមានការកើនឡើងពី១០ ទៅ ១៥ភាគរយក្នុងមួយឆ្នាំ ជាពិសេសភ្ញៀវទេសចរចិន ស្ថិតក្នុងលំដាប់លេខមួយដែលមានចំនួន ២០២.៩៤៧នាក់ កើនឡើង៦៨.៧៩ភាគរយ ។ បច្ចុប្បន្នមានអ្នកវិនិយោគចិនមកខេត្តព្រះសីហនុស្ថិតក្នុងលំដាប់លេខ១ ដែលមករកស៊ី និងវិនិយោគច្រើនក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្មដឹកជញ្ជូន សំណង់ និងទេសចរណ៍។
-->
ជាមួយនឹងសក្តានុពលហេដ្ឋារចនាសម្ព័ន្ឋ ដោយមានកំពង់ផែទឹកជ្រៅតែ១គត់នៅកម្ពុជា ខេត្តនេះក៏មានការតភ្ជាប់ផ្លូវដែក ផ្លូវគោក ផ្លូវល្បឿនលឿនដែលនឹងសាងសង់នាពេលឆាប់ៗខាងមុខនេះ ជាមួយគំរោងផ្លូវរថភ្លើងល្បឿនលឿន ដែលនឹងសាងសង់នាពេលខាងមុខ ខេត្តនេះក៏មានព្រលានយន្តហោះលំដាប់អន្តរជាតិផងដែរ។

លោកយន្ត មីនបានមានប្រសាសន៍ឲ្យដឹងផងដែរថា ព្រលានយន្តហោះអន្តរជាតិ កងកេង បាននិងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនអ្នកដំណើរជាតិ និងអន្តរជាតិមកទស្សនា និងវិនិយោគនៅខេត្តព្រះសីហនុ បច្ចុប្បន្នព្រលានយន្តហោះប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ចំនួន១១ក្រុមហ៊ុន ក្នុងនោះមានជើងហោះហើរក្នុងស្រុកមាន៨៣ជើងក្នុងមួយសប្តាហ៍ និងក្រៅស្រុក៦១ជើង ក្នុងមួយសប្តាហ៍ ។ គោលដៅហោះហើរត្រង់ពីខេត្ត ក្រុងប្រទេសចិន មកខេត្តព្រះសីហនុមាន១៦ខេត្ត ក្រុង។

ព្រលានយន្តហោះនេះ ក៏នឹងចាប់ផ្តើមពង្រីកនាពេលឆាប់ៗខាងមុខនេះផងដែរ ដែលក្រោយពេលពង្រីករួចព្រលានយន្តហោះនេះ អាចមានសមត្ថភាពចុះចតយន្តហោះដែលអាចផ្ទុកអ្នកដំណើរបាន៤០០នាក់ ដែលមានទំហំស្មើនឹងព្រលានយន្តហោះភ្នំពេញសព្វថ្ងៃនេះ ខណៈបច្ចុប្បន្នព្រលានយន្តហោះនេះមានទំហំប៉ុនគ្នានឹងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះបានប្រកាសពីការពង្រីកព្រលានយន្តហោះនេះ ដើម្បីឈានទៅទទួលអ្នកដំណើរ៣ទៅ៥លាននាក់ក្នុងមួយឆ្នាំនាពេលអនាគត។

លោកពេជ្រ សុប៉ុនតារាប្រធានផ្នែកបង្កើនជើងហោះហើរ នៃក្រុមហ៊ុនអាកាយាន ដ្ឋានកម្ពុជា (SCA)បានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុននឹងសហការជាមួយរដ្ឋាភិបាលដើម្បីពង្រីកព្រលានយន្តហោះនេះ ព្រោះយើងជាដៃគូរបស់រដ្ឋាភិបាល ហើយរដ្ឋាភិបាលឲ្យយើងធ្វើអ្វី យើងនឹងអនុវត្តន៍តាម។លោកបន្តថា ព្រលានយន្តហោះកងកេង ក្រុងព្រះសីហនុទទួលអ្នកដំណើរប្រមាណ៦០ម៉ឺននាក់កាលពីឆ្នាំ២០១៨ និងអាចទទួលអ្នកដំនើរប្រមាណ១លាននាក់នៅឆ្នាំ២០១៩នេះ៕