ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមធនាគារអភិវឌ្ឍនអាស៊ី (ADB) បានឱ្យដឹងថា តំបន់អាស៊ីនឹងត្រូវការវិនិយោគចំនួន១៣,៨ពាន់ពាន់លានដុល្លារ ឬប្រមាណ១,៧ពាន់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០។
ការអភិវឌ្ឍនេះ ជាកត្តាជំរុញដ៏សំខាន់ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។
នេះបើយោងតាមរបាយការណ៍ ដែលមានឈ្មោះថា “ការជំរុញឡើងវិញនូវវិធីសាស្រ្តផ្តល់ហិរញ្ញប្បទាន សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងភាពធន់ក្នុងតំបន់អាស៊ាន+៣” របស់ធនាគារADB ដែលបានចេញផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។
ចំណែក បណ្តាប្រទេសជាសមាជិកអាស៊ាន តម្រូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសរុប ត្រូវបានប៉ាន់ប្រមាណថា មានយ៉ាងហោចណាស់ចំនួន២,៨ពាន់ពាន់លានដុល្លារ សម្រាប់រយៈពេលដូចគ្នា ឬ១៨៤ពាន់លានដុល្លារក្នុងមួយឆ្នាំ។
របាយការណ៍ដដែលបញ្ជាក់ថា ការបង្រួមគម្លាតហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ នឹងមានសារៈសំខាន់ សម្រាប់ប្រទេសនីមួយៗ ដើម្បីសម្រេចបានគោលដៅសេដ្ឋកិច្ច និងសង្គមរៀងៗខ្លួន ខណៈការចូលរួមពីវិស័យឯកជន គឺជាកត្តាដ៏សំខាន ហើយដែលបច្ចុប្បន្ននេះ ទុនឯកជន ជាង២០០ពាន់ពាន់លានដុល្លារ ត្រូវបានវិនិយោគនៅក្នុងទីផ្សារមូលធនពិភពលោក។
ជាពិសេស យន្តការហិរញ្ញប្បទាន ប្រកបដោយភាពច្នៃប្រឌិត គឺត្រូវការជាចាំបាច់ ដើម្បីជំរុញហិរញ្ញប្បទានឯកជន និងស្ថាប័នសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកវិសាលភាពរបស់វា ដើម្បីបំពេញតម្រូវការ ដែលកំពុងកើនឡើងក្នុងតំបន់ ខណៈដែលសេដ្ឋកិច្ចតំបន់អាស៊ាន+៣ ទើបតែងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩។
ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាធនាគារអភិវឌ្ឍន៍ក្នុងតំបន់មួយ ដែលត្រូវបានបង្កើតឡើង កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៦៦ និងមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសហ្វីលីពីន។ ធនាគារនេះក៏រក្សាបាននូវការិយាល័យចំនួន៣១កន្លែងផងដែរ នៅជុំវិញពិភពលោក ដើម្បីជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅតំបន់អាស៊ី៕






