ដោយ: គង់ លាងហួរ
ភ្នំពេញ: ការិយាល័យជំរឿនសហរដ្ឋអាមេរិកបានរាយការណ៍កាលពីពេលម្សិលមិញនេះថា ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃជិត២,៥ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិកក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ធ្លាក់ចុះ១១ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទន្ទឹមនឹងនោះ កម្ពុជាបាននាំចូលផលិតផលមានតម្លៃ៩០លានដុល្លារពីប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ ធ្លាក់ចុះ១០,៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
នៅក្នុងខែមីនាតែមួយ ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានចំនួន៨៥៦លានដុល្លារ ខណៈការនាំចូលមានតម្លៃត្រឹមតែ២២លានដុល្លារប៉ុណ្ណោះ។
ប្រព័ន្ធអនុគ្រោះ GSP ដែលផ្តល់ជូនដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍តិចតួចដោយសហរដ្ឋអាមេរិកបានផុតកំណត់កាលពីខែធ្នូឆ្នាំមុន ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងដំណើរការរៀបចំឡើងវិញ។
-->
ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកភាគច្រើនជាសម្លៀកបំពាក់ ហើយរួមបញ្ចូលទំនិញផ្សេងៗ ដូចជាស្បែកជើង កង់ និងគ្រឿងសង្ហារឹម ក្រោមការអនុគ្រោះពាណិជ្ជកម្ម និងទំនិញធ្វើដំណើរត្រូវបាននាំចេញក្រោមប្រព័ន្ធអនុគ្រោះទូទៅពិសេស (GSP)។
ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប ដែលជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់សម្លៀកបំពាក់កម្ពុជា អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យនានានៅឆ្នាំនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នមិនសូវល្អនៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុប ដោយសារសង្គ្រាមបន្តអូសបន្លាយក្នុងប្រទេសមួយចំនួន បណ្តាលឲ្យអតិផរណាពិភពលោកហក់ឡើងខ្ពស់ ធ្វើឱ្យប្រជាជនខាតបង់ប្រាក់យ៉ាងច្រើនសម្រាប់ការបញ្ជាទិញពីខាងក្រៅ រួមទាំងពីកម្ពុជាផងដែរ។
សម្តេចតេជោបញ្ជាក់ថា“វិបត្តិសេដ្ឋកិច្ចពិភពលោកបានចាប់ផ្តើមជាមួយនឹងវិបត្តិពីសហរដ្ឋអាមេរិកទៅដល់អឺរ៉ុប ហើយការបាត់បង់ប្រាក់ចំណូលនៅសហរដ្ឋអាមេរិក និងអឺរ៉ុបបានប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ផលិតកម្មនៅក្នុងប្រទេសបង់ក្លាដែស កម្ពុជា វៀតណាម និងប្រទេសដទៃទៀត ហើយការបាត់បង់ការបញ្ជាទិញដោយសារតែប្រជាជនរបស់ពួកគេបាត់បង់ប្រាក់ចំណូល។
ទោះបីជាការនាំចេញមានការធ្លាក់ចុះយ៉ាងណាក្តី ប៉ុន្តែទីផ្សារសហរដ្ឋអាមេរិកនៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលរបស់កម្ពុជា។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ទីផ្សារសហរដ្ឋអាមេរិកមានសក្តានុពលសម្រាប់ផលិតផលកម្ពុជា ភាគច្រើនជាស្បែកជើង សម្លៀកបំពាក់ និងទំនិញធ្វើដំណើរ។
រោងចក្រកាត់ដេរ គឺជាអ្នករកចំណូលបានពីបរទេសច្រើនជាងគេបំផុតសម្រាប់ប្រទេសកម្ពុជា ដែលបង្កើតការងាររាប់សែនកន្លែងសម្រាប់ប្រជាជនក្នុងស្រុក ដែលភាគច្រើនជាស្ត្រី។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា កម្ពុជាបាននាំចេញផលិតផលកាត់ដេរមានតម្លៃ៩,០៣ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ស្មើនឹង៤០,១ភាគរយនៃការនាំចេញសរុបរបស់ចំនួន២២,៤៨ពាន់លានដុល្លារ៕