សញ្ញាវិជ្ជមានៈ ការធ្វើដំណើរតាមផ្លូវអាកាសកើនឡើងជាង២០ភាគរយអំឡុងស៊ីហ្គេមលើកទី៣២

0

ដោយៈ ច្រាយ ចំណាន

        ភ្នំពេញៈ ចំនួន​ភ្ញៀវទេសចរ​ ដែល​ធ្វើដំណើរ​តាមផ្លូវ​អាកា​សមក​ប្រទេស​កម្ពុជា​នឹងមាន​កំណើន​ជាង២០ភាគរយ បើគិត​ចាប់ពី​សប្តាហ៍​ទី​៤ នៃ​ខែមេសា រហូតដល់​ចុងខែ​ឧសភា នេះ​។​

​កម្ពុជា បាននិងកំពុង​ធ្វើជា​ម្ចាស់ផ្ទះ ​នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដែល​បាន​រង់ចាំ​រយៈពេល​៦៤​ឆ្នាំ។ ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមបានចាប់ផ្តើមពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​ ១៧ ខែឧសភា ខណៈ​ព្រឹត្តិការណ៍​អាស៊ាន​បា​រ៉ា​ហ្គេម លើក​ទី១២ នឹងធ្វើ​ពីថ្ងៃ​ទី​ ៣ ដល់​ថ្ងៃទី​ ៩ ខែមិថុនា​។​

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកា​សចរណ៍ស៊ីវិល លោកស៊ិន ចាន់​សិរី​វុត្ថា បានមានប្រសាសន៍ថា គិត​ចាប់ពី​ចុង​សប្តាហ៍​នៃ​ខែមេសា រហូតដល់​សប្តាហ៍​ទី​ ៤ នៃ​ខែឧសភា នេះ​តួលេខ ​នៃ​ការ​ធ្វើដំណើរ​តាមផ្លូវ​អាកាស ​បាន​កើន​ជាង១០​ភាគរយ​បន្ថែមទៀត ​ទៅលើ​កំណើន១០ ​ភាគ​រយ​នៃ​ខែ​ធម្មតា​។​

លោកបានបញ្ជាក់ថា ជាទូទៅ​បើ​យើង​មើល​តួលេខ​ ការហោះ​ហើរ​នា​ខែ​ធម្មតា ​ក៏មាន​កំណើន​១០​ភាគរយ​ដែរ ប៉ុន្តែ​គ្រាន់តែ​ចាប់ពី​សប្តាហ៍​ទី​៤ នៃ​ខែមេសា​ដល់​ចុងខែ​ឧសភា គឺ​កើន​ជាង១០​ភាគរយ​ទៀត​នៃ​អត្រា​ប្រចាំខែ​របស់​យើង”​។លោកបន្តថា “ដូច្នេះ​យើង​អាច​និយាយថា​កំណើន​ពី​សប្តាហ៍​ទី​៤ នៃ​ខែមេសា ដល់​សប្តាហ៍​ទី​ ៤ ​នៃ​ខែឧសភា គឺ​នឹង​ទទួលបាន​កំណើន​ជាង២០​ភាគរយ​”​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​បា​ស៊ី​ហ្វិ​កកម្ពុជាបានមានប្រសាសន៍​ថា ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​ធំៗ ​ទាំងពីរ​នេះ ​បាន​ជួយ​លើកមុខ​មាត់​កម្ពុជា​ មិន​ត្រឹមតែ​ទៅក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទាក់​ទាញ​ចំណាប់អារម្មណ៍ ​សម្រាប់​ភ្ញៀវទេសចរ​ពី​បណ្តា​ប្រទេស​នានា​ លើ​ពិភពលោក​ឱ្យ​ចង់​មក​ទស្សនា និង​តាមដាន​ប្រភេទ​កីឡា​នានា​ផងដែរ​។​

លោក​និយាយថា​ “​នេះ​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ ​ដែល​ទន្ទឹងរង់ចាំ​រយៈពេល​៦៤​ឆ្នាំ​មកហើយ”​។ លោកបន្តថា “យើង​ពិតជា​រៀបចំ​បានល្អ​ដោយ​ទទួលបាន​ ការសរសើរ​ពី​បណ្តា​ប្រទេស ​នៅក្នុង​តំបន់ និង​ប្រទេស​ផ្សេងៗ​ទៀត​លើ​ពិភពលោក”​។

​រដ្ឋមន្ត្រី​នៃ​ក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីដើម​ខែឧសភា បាន​លើកឡើងថា ព្រឹត្តិការណ៍​កីឡា​ទាំង​២​ នេះ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ ​ឱ្យ​ចូលមក​ទស្សនា​កម្ពុជា​ យ៉ាងហោចណាស់​ក៏បាន​ជាង​ ៤​ លាន​នាក់​ដែរ​ក្នុង​ឆ្នាំ​ ២០២៣​ នេះ ដោយសារតែ​គិត​ត្រឹម​ត្រីមាស​ទី​១ ​កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរ​ណ៍អន្តរជាតិ ប្រមាណ១,២​ លាន​នាក់​រួចស្រេច​ហើយ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here