សម្តេចតេជោនឹងបញ្ជូនអ្នកជំនាញកសិកម្មកម្ពុជាសិក្សាពីលទ្ឋភាពដាំដុះនៅប្រទេសទីម័រឡេស្តេ

0

        ដោយៈ គង់ សូរិយា

        ឥណ្ឌូនេស៊ីៈ  លោក Taur Matan Ruak នាយករដ្ឋមន្រ្តីទីម័រខាងកើត បានលើកឡើងថា វត្តមានរបស់ទីម័រ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាពេលនេះ មិនអាចកាត់ផ្តាច់ពីការជួយជ្រោមជ្រែង តាំងពីដើមរហូតមករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានោះឡើយ។

លោក Taur Matan Ruak ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្រប​ខ័ណ្ឌ​អាស៊ាន ដែលនឹង​ប្រព្រឹត្ត​ទៅពីថ្ងៃទី១០ ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី ជាគោលការណ៍ ក្នុងនាមជាសមាជិកទី១១ របស់អាស៊ាន។នៅមុនកិច្ចប្រជុំនេះ លោកមានជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន។

នៅក្នុងជំនួប លោកនាយករដ្ឋមន្រ្តីទីម័រខាងកើត ក៏បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានជួយជ្រោម​ជ្រែងកិច្ចការងារយ៉ាងច្រើន ពីដើមរៀងមកដើម្បីឲ្យសមាគមអាស៊ានទទួលយកទីម័រខាងកើត ជាសមាជិកទី១១ ជាមួយគ្រួសារអាស៊ាន។

លោកនាយករដ្ឋមន្ត្រី នៃប្រទេសទីម័រខាងកើត ក៏បានជំរាបសម្តេចតេជោថា វត្តមានរបស់ទីម័រខាងកើត មកកាន់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ីនាពេលនេះ គឺមិនអាចកាត់ផ្ដាច់បាន ពីការជួយជ្រោមជ្រែងរបស់សម្ដេចតេជោ ហ៊ុន សែន នោះទេ ។

លោកនាយករដ្ឋមន្រ្តីទីម័រខាងកើត បានជំរាបសម្តេចថា ការអញ្ជើញរបស់ទីម័រឡេស្ត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅឯប្រទេ​សឥណ្ឌូនេស៊ីនាពេលនេះ គឺជាលើកទីមួយ នៃប្រវត្តិសាស្ត្រដែលសម្តេចតេជោ ហ៊ុន សែន បានជ្រោ​មជ្រែង។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីបំណងរបស់សម្តេចចង់ឲ្យទីម័រខាងកើត ចូលជាសមាជិកពេញសិទ្ធិតែម្តងនៅអាស៊ាន។ អំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងទីម័រខាងកើត។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចចង់ឲ្យទីម័រមានសន្តិសុខស្បៀង។

សម្តេចបន្តថា សម្តេចមានបំណង ចង់ឲ្យអ្នកវិនិយោគរបស់ទីម័រខាងកើត មកវិនិយោគនៅក្នុងប្រទេសកម្ពុជា បង្កើតរោងចក្រកិនស្រូវនាំអង្ករចេញទៅកាន់ទីម័រ ដោយឡែកកន្ទក់សម្រាប់ផលិតជាចំណីសត្វ។ សម្តេចបានបញ្ជាក់បន្ថែមថា ប្រសិនបើប្រទេសទីម័រឯកភាព កម្ពុជា នឹងបញ្ជូនអ្នកជំនាញផ្នែកកសិកម្ម ទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត ថាតើស្ថានភាពដីនៅទីនោះ អាចដាំដុះទៅលើដំណាំអ្វីបានផលច្រើន។

លោកនាយករដ្ឋមន្រ្តីទីម៉រខាងកើត បានទទួលយកនូវអនុសា​សន៍របស់សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធទៅនឹងសន្តិសុខស្បៀង ដើម្បីឲ្យមានការអភិវឌ្ឍវិស័យកសិកម្ម ដោយខ្លួនឯង និងមានសន្តិសុខស្បៀង៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here