ក្រុមហ៊ុនផលិតកង់ឡានចិន Double star បានបើកការដ្ឋានសាងសង់រោងចក្រជាផ្លូវការនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះហើយ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: គម្រោងសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុនញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី (NEWBUSTAR (Cambodia) Trie Co.,Ltd) ជាមួយទុនវិនិយោគ ១៣៨លានដុល្លារ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ។

ពិធីនេះត្រូវបានអញ្ជើញចូលរួមជាអធិបអធិបតីភាពដោយលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ឆៃ យ៉ុន សើន ប្រធានក្រុមហ៊ុនញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី ព្រមជាមួយនិងភ្ញៀវកិត្តិយ័សសំខាន់ៗជាច្រើននាក់ទៀត។

រោងចក្រនេះ នឹងត្រូវសាងសង់លាតសន្ធឹងនៅលើផ្ទៃដីទំហំ៤០ហិកតា ក្រោមទុនវិនិយោគប្រមាណ១៣៨លានដុល្លារ ដោយគ្រោងនឹងសាងសង់ឱ្យបានបញ្ចប់រួចរាល់នៅក្នុងដំណាក់ទី១ នៅក្នុងខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។

រោងចក្រផលិតសំបកកង់រថយន្តដ៏ធំនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី (NEWBUSTAR (Cambodia) Trie Co.,Ltd) ឬ Double Star មកពីទីក្រុងឈីងតាវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន។

ថ្លែងនាឱកាសនោះ លោកអភិបាលខេត្ត វ៉ា ថន បានធ្វើការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលថ្មីៗ នៅក្នុងតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ដែលកំពុងរួមចំណែកជាមួយរដ្ឋបាលស្រុកស្នួល និងរដ្ឋបាលខេត្តក្រចេះ។

លោក វ៉ា ថន ក៏បានស្នើដល់លោកប្រធានតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ី ស្នួល ឱ្យបន្តកៀរគរដល់វិនិយោគិនចិន និងអ្នកវិនិយោគប្រទេសផ្សេងៗទៀត ចូលមកធ្វើការវិនិយោគ លើវិស័យកសិកម្ម ឧស្សាហកម្ម ធនធានរ៉ែ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងវិស័យដែលមានសក្ដានុពលផ្សេងៗទៀតនៅក្នុងខេត្តក្រចេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here