ដោយ: គង់ លាងហួរ
អន្តរជាតិ: សហភាពអឺរ៉ុប (EU) កាលពីពេលថ្មីៗនេះ បានគាស់ប្រជុំ ដើម្បីស្នើសុំឱ្យមានការដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុនចិនចំនួន៧ បន្ទាប់ពីត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធជាមួយនឹងការលក់សព្វាវុធ ដែលត្រូវបានប្រើប្រាស់ នៅក្នុងកងម្លាំងរុស្ស៊ី សម្រាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Financial Times បានឱ្យដឹងថា ក្រុមហ៊ុនអាជីវកម្មរបស់ចិនចំនួន៧ ត្រូវបានចុះឈ្មោះទៅក្នុងបញ្ជីទណ្ឌកម្មថ្មី ដែលត្រូវលើកយកមកពិភាក្សាដោយរដ្ឋសមាជិកសហភាពអឺរ៉ុប នៅក្នុងសប្តាហ៍នេះ ។
ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា នៅក្នុងបញ្ជីទណ្ឌកម្មថ្មីនេះ គេសង្កេតឃើញថា មានក្រុមហ៊ុនរបស់ចិនចំនួន២ គឺក្រុមហ៊ុន 3HC Semiconductors និងក្រុមហ៊ុន King-Pai Technology រួមជាមួយនឹងក្រុមហ៊ុនចំនួន៥ទៀត មកពីទីក្រុងហុងកុងរួមមាន Sinno Electronics Sigma Technology Asia Pacific Links Tordan Industry និង Alpha Trading Investments ដែលត្រូវបានចោទប្រកាន់ ។
ក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនធំៗខាងលើ គឺក្រុមហ៊ុន King-Pai Technology ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម ដោយសហរដ្ឋអាមេរិករួចទៅហើយ បន្ទាប់ពីរកឃើញថា ពួកគេជាអ្នកផ្គត់ផ្គង់សព្វាវុធ សម្រាប់អង្គភាពជាច្រើន នៅក្នុងបរិវេណឧស្សាហកម្មយោធារបស់ប្រទេសរុស្ស៊ី។
ចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមបើកការលុកលុយ ទៅលើអ៊ុយក្រែន កាលពី ១៤ ខែមុន នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានហៅវាថាជា ប្រតិបត្តិការយោធាពិសេសរួចមក បានធ្វើឱ្យសហភាពអឺរ៉ុប ចាប់ផ្តើមអនុម័តទណ្ឌកម្មធំៗចំនួន១០ ប្រឆាំងទៅនឹងបុគ្គល និងក្រុមហ៊ុនរុស្ស៊ី ជាមួយនឹងការដាក់សម្ពាធទៅលើផ្នែកសេដ្ឋកិច្ច និងការរាំងខ្ទប់ទៅលើការផ្តល់ហិរញ្ញប្បទាន សង្គ្រាមទៅកាន់ប្រទេសមួយនេះ៕