ក្រុមហ៊ុនអចលនទ្រព្យវៀតណាមសម្រុកបញ្ចុះតម្លៃលក់ទ្រព្យសកម្មចេញស្របពេលមានបញ្ហាសាច់ប្រាក់

0

ហាណូយ: សារព័ត៌មាន Vietnam News បានរាយការណ៍កាលពីថ្ងៃពុធថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យវៀតណាមជាច្រើនកំពុងលក់បញ្ចុះថ្លៃទ្រព្យសកម្ម ខណៈពួកគេស្ថិតនៅក្រោមភាពតានតឹងផ្នែកសាច់ប្រាក់យ៉ាងធ្ងន់ធ្ងរ ស្របពេលមានស្ថានភាពទីផ្សារជួបការលំបាក។

រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានថ្លែងប្រាប់កិច្ចប្រជុំសភាកាលពីថ្ងៃអង្គារកន្លងទៅថា “ក្រុមហ៊ុនអចលនទ្រព្យដែលមានកេរ្តិ៍ឈ្មោះខ្ពស់ៗជាច្រើនបានលក់ទ្រព្យសកម្មរបស់ពួកគេទាំងអស់”។លោកបន្តថា “ម្ចាស់ទ្រព្យសកម្មមួយចំនួនរងសម្ពាធយ៉ាងខ្លាំង ហើយវិនិយោគិនបរទេសកំពុងទទួលការបញ្ចុះតម្លៃ៥០ភាគរយ ខណៈដែលយើង បាន ព្រមាន ម្តង ហើយ ម្តង ទៀត អំពី ការ ចូល កាន់កាប់ របស់បរទេស លើក្រុមហ៊ុនក្នុង ស្រុក”។

លោកស្រី Duong Thuy Dung នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ CBRE Vietnam បានអះអាងថា “វិនិយោគិនបរទេសបានតាមដានយ៉ាងដិតដល់នូវទីផ្សារមួយរយៈនេះ ហើយពួកគេជាច្រើនបានចាប់ផ្តើមធ្វើសកម្មភាពហើយ”។

ទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាមបានដាំក្បាលចុះចាប់តាំងពីឆ្នាំ២០២២ ខណៈដែលអ្នកអភិវឌ្ឍន៍អចលនទ្រព្យត្រូវដោះស្រាយជាមួយនឹងអត្រាការប្រាក់ខ្ពស់ និងការទូទាត់សងបំណុលធំ។នៅឆ្នាំ២០២២ ចំនួនគម្រោងលំនៅដ្ឋានថ្មីបានធ្លាក់ចុះ៩០ភាគរយ គម្រោងអភិវឌ្ឍន៍ដែលមានស្រាប់បានធ្លាក់ចុះពាក់កណ្តាល ហើយគម្រោងអចលនទ្រព្យដែលបានសាងសង់បញ្ចប់បានធ្លាក់ចុះ៨១ភាគរយធៀបនឹងឆ្នាំ២០២១។

ទីផ្សារលំនៅដ្ឋានបានបង្ហាញពីសន្ទុះធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងត្រីមាសទី១ ដោយសារចំនួនប្រតិបត្តិការអចលនទ្រព្យលំនៅដ្ឋានបានធ្លាក់ចុះ៣៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងទីផ្សារលំនៅដ្ឋាន និងអចលនទ្រព្យស្ថិតក្រោមក្រសួងសំណង់វៀតណាម។

យោងតាមអាជ្ញាធរ គ្រប់ គ្រង ទីផ្សារ លំនៅឋាន និង អចលន ទ្រព្យ បាន ឱ្យដឹង ថា ប្រទេសវៀតណាមបានកត់ត្រាការធ្លាក់ចុះចំនួន៦៣ភាគរយនៃចំនួនក្រុមហ៊ុនថ្មីៗនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងត្រីមាសទី១ ធៀបនឹងឆ្នាំមុន ខណៈដែលការបិទអាជីវកម្មជាអចិន្ត្រៃយ៍ក្នុងវិស័យនេះបានកើនឡើង៣០ភាគរយ  ហើយចំនួនក្រុមហ៊ុនដែលបិទជាបណ្តោះអាសន្នបានកើនឡើង៦១ភាគរយនៅក្នុងអំឡុង ពេល ដូច គ្នា នេះ។

ក្រុមអ្នកជំនាញខាងឧស្សាហកម្មបានអះអាងថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងនៅតែបន្តដាំក្បាលចុះពេញមួយឆ្នាំ២០២៤ខាងមុខ ទោះបីជារដ្ឋាភិបាលបានដាក់ចេញវិធានការស្តារមួយចំនួនហើយយ៉ាងណាក្តី៕

LEAVE A REPLY

Please enter your comment!
Please enter your name here