ដោយ: គង់ លាងហួរ
បាងកក: KingBridge Tower Co ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Saha Group បានបោះទុនចំនួន៦ពាន់លានបាត(ប្រហែល១៧៨,០៩លានដុល្លារ) ដើម្បីសាងសង់ប៉ម KingBridge Tower ដោយផ្តោតលើការិយាល័យសម្រាប់ជួល។
ដោយមានទីតាំងនៅតាមបណ្ដោយស្ពាន Bhumibol និងផ្លូវ Rama III ប៉មនេះត្រូវបានជ្រើសរើសជាគម្រោងសាកល្បងសម្រាប់ការអភិរក្សថាមពល និងបរិស្ថាន។ នេះបើយោងតាមសារាចរណ៍សេដ្ឋកិច្ចក្នុងក្រុមឧស្សាហកម្មសំណង់។
ប៉មនេះកំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន KingBridge Tower Co ព្រមទាំងដៃគូសំណង់ថៃ និងអន្តរជាតិរបស់ខ្លួនមានដូចជា Architects 49 ដែលជាក្រុមហ៊ុនស្ថាបត្យកម្មសំខាន់ដែលទទួលខុសត្រូវលើការរចនាអគារ ទីប្រឹក្សាវិស្វកម្មដ៏ល្បីល្បាញលើពិភពលោក Mott MacDonald ដែលបានឌីហ្សាញរចនាសម្ព័ន្ធវិស្វកម្មនៃស្ពាន Bhumibol ដោយខ្លួនវាផ្ទាល់ ក្រុមហ៊ុន Thai Obayashi Corp ដែលជាអ្នកម៉ៅការសំខាន់សម្រាប់ការសាងសង់ ក្រុមហ៊ុន Stonehenge Inter អ្នកគ្រប់គ្រងគម្រោង និងក្រុមហ៊ុន YSH សម្រាប់ការងារ facade ។
លោកស្រី Thaninthorn Chokwatana នាយកគម្រោង KingBridge Tower បានមានប្រសាសន៍ថា “អគារនេះមានគោលបំណងអភិវឌ្ឍសហគមន៍នៅតំបន់ Rama III និងលើកកម្ពស់ការងារ”។ ខណ្ឌ Rama III ក៏ជាតំបន់សេដ្ឋកិច្ចយុទ្ធសាស្ត្រតភ្ជាប់ផ្លូវសំខាន់ៗក្នុងទីក្រុងបាងកក រួមទាំង Saton និង Silom ដែលកំពុងបម្រើតម្រូវការកើនឡើងសម្រាប់អាជីវកម្ម និងលំនៅឋាន។
លោកស្រី បាន បន្ត ទៀតថា “យើង សម្រេច ចិត្ត អភិវឌ្ឍគម្រោង KingBridge Tower ឱ្យក្លាយទៅជា ស្ថាបត្យកម្ម បែបនិមិត្តរូប អម នឹង ស្ពាន Bhumibol ក៏ ដូច ជា មោទនភាព របស់ មនុស្ស ក្នុង សហគមន៍ របស់ យើងផងដែរ”។ KingBridge Tower គឺជាអគារខ្ពស់កប់ពពកដំបូងបង្អស់របស់ក្រុមហ៊ុន Saha Group ក្នុងប្រវត្តិសាស្ត្រ៨០ឆ្នាំរបស់ខ្លួន។
លោកស្រី Thaninthorn បានមានប្រសាសន៍បន្ថែមថា “យើងមានបំណងលើកកម្ពស់អគារ KingBridge Tower ជាចំណុចកណ្តាលដែលក្រុមហ៊ុន និងអង្គការនានាចូលរួមកម្លាំងគ្នាដើម្បីផ្តល់សម្រាប់សហគមន៍ និងសង្គម”៕
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!