វិភាគអចលនទ្រព្យៈពេលវេលាស័ក្តិសមសម្រាប់ការវិនិយោគនិងដំណើរឃ្លេងឃ្លោងនៃសេដ្ឋកិច្ចកម្ពុជា

0

ដោយៈយិន លាងគង់អគ្គនាយកនៃគេហទំព័រPropertyarea       

        ភ្នំពេញៈ មហាសេដ្ឋីលី កាស៊ីងបានចំណាយពេល និងធនធានដែលខ្លួនរកបាន ដោយវិនិយោគលើដីនៅជាយទីក្រុងហុងកុង និងប្រមូលទិញអចលនទ្រព្យ នៅពេលទីផ្សារដាំក្បាលចុះ។

នៅកម្ពុជា អ្នកមានធនធានឬមហាសេដ្ឋីភាគច្រើន ដែលបានលេចមុខក្នុងរយៈពេល ពីរទសវត្សរ៍ចុងក្រោយនេះ គឺបានលុយមកពីការវិនិយោគដីធ្លី និងសំណង់។

ជាក់ស្តែងអ្នកឧកញ៉ាសៀ រិទ្ឋីប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនWorld Bridge international បានទទួលស្គាល់ថា លោកមានបានដោយសារការវិនិយោគដីធ្លី។

ចំណែកលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានសន្និដ្ឋានថា លោកទទួលភាពមានបាន ដោយសារដីធ្លី ហើយលោកជឿថា អ្នកមាននៅកម្ពុជាប្រហែល៧០ភាគរយ មានបានដោយសារដីធ្លី។

រីឯអ្នកឧកញ៉ាលី ហួរដែលបានអះអាងថា បានចាប់ផ្តើមទុនពីជ្រូកមួយក្បាល និងមានលុយ និងអចលនទ្រព្យដល់ខ្ទង់ពាន់លានដុល្លារ សុទ្ឋតែបានមកពីវិស័យអចលនទ្រព្យ និងសំណង់។

ជាមួយគ្នានេះ អ្នកឧកញ៉ាលី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនLYP និងអ្នកឧកញ៉ាពុង ឃាវសែ ជាអគ្គនាយកនៃក្រុមហ៊ុនOCIC សុទ្ឋតែជាអ្នកវិនិយោគដីធ្លី និងវិស័យសំណង់ និងអច​លនទ្រព្យផងដែរ។

តើគួរបន្តវិនិយោគបន្តទៀតទេ?

        តាមរយៈការលើកឡើងពីលោកឧកញ៉ា អ្នកឧកញ៉ាល្បីៗនៅស្រុកខ្មែរត្រួសៗប៉ុន្មានរូបខាងលើនេះ បានបង្ហាញថា ការវិនិយោគដីធ្លី និងវិស័យសំណង់នៅតែមានសក្តានុពល និងផ្តល់ឱកាសចំណេញខ្ពស់ បើទោះជាបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ច ពិភពលោកកំពុងជួបភាពមិនប្រាកដប្រជាក្តី។

ការវិនិយោគអចលនវត្ថុ ក្នុងអំឡុងរយៈពេលនេះ ត្រូវបានអ្នកជំនាញមើលឃើញថា សុទ្ឋតែផ្តល់ផលចំណេញ និងឱកាសចំនេញខ្ពស់ ដោយសារហេតុផលមួយចំនួន ទី១ អ្នកទិញមានអំណាចក្នុងការ​ចចារខ្ពស់ ទី២ អ្នកទិញអាចស្វែងរកដី ឬអចលនទ្រព្យល្អៗ និងតម្លៃទាបជាងទីផ្សារ និងទី៣ មានឱកាសជ្រើសរើស ឬជម្រើសកាន់​តែច្រើនសម្រាប់អ្នកទិញ ទី៤ អ្នកទិញអាចមើលឃើញពិតប្រាក​ដ​ថា តើក្រុមហ៊ុនណាមានមូលដ្ឋានហិរញ្ញវត្ថុរ៉ឹងមាំ និងអាចទុកចិត្តបាន។

តើគួរទិញអចលនទ្រព្យក្នុងស្ថានភាពហិរញ្ញវត្ថុបែបណា

        អ្នកជំនាញ និងមហាសេដ្ឋីធំៗដូចជា អ្នកឧកញ៉ាសៀ រិទ្ឋីសុទ្ឋតែផ្តល់យោបល់ថា “អ្នកមិនគួរប្រើប្រាស់លុយធនាគារ ដើម្បីវិនិយោគលើដីធ្លីនោះទេ”។

ជាក់ស្តែង ភាពប្រាកដប្រជា និងមូលធននៃលំហូរសាច់ប្រាក់ ពិតជាដើរតួកាន់តែមានសារៈសំខាន់ឡើង ក្នុងការបញ្ចៀសហានិភ័យលើការវិនិយោគអចលនទ្រព្យ ព្រោះការប្រើប្រាស់សាច់ប្រាក់មិនត្រឹមត្រូវនឹង​បង្កហានិភ័យខ្ពស់បំផុតដល់អ្នកវិនិយោគ។

មូលធនហិរញ្ញវត្ថុ ដើរតួនាទីសំខាន់ខ្លាំងអស់ ដល់ការសម្រេចចិត្តវិនិយោគ ដោយផ្អែកលើកត្តាសំខាន់ៗមួយចំនួនដូចជា ទី១ ការវិនិ​យោគអចលនទ្រព្យ ជាការវិនិយោគរយៈពេលវែង។ មានន័យថា សាច់ប្រាក់របស់អ្នកនឹងកប់ នៅលើអចលនទ្រព្យ ទី២ ក្នុងស្ថានភាពបែបនេះ ការវិនិយោគមានហានិភ័យបំផុត លើភាពជាប់គាំងលំហូរសាច់ប្រាក់ ដោយសារស្ថានភាពសេដ្ឋកិច្ច មិនប្រាកដប្រជា។

ទី៣ អ្នកមិនត្រូវប្រើប្រាស់ឬអនុវត្តន៍នូវពាក្យស្លោក “កាប់បំពង់រង់ចាំទឹកភ្លៀង” ក្នុងស្ថានភាពនេះទេ ទី៤ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក កំពុងធ្វើឲ្យលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI)ក៏ប្រឈមុខនឹងភាពជាប់គាំងផងដែរ ទី៥ អ្នកវិនិយោគក្នុងស្រុកកំពុងមានភាពរុញរា និងកំពុងស្ថិតក្នុងដំណាក់កាលខ្សោះឈាមពីខ្លួន។

វិបត្តិសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ១៩៨៧ មានរយៈពេល២ឆ្នាំប៉ុណ្ណោះ វិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧ មានរយៈពេលមិនលើសពីរឆ្នាំនោះដែរ ហើយវិបត្តិហិរញ្ញវត្ថុ ដែលផ្តើមចេញពីអាមេរិកឆ្នាំ២០០៨ ក៏ចំណាយពេលត្រឹម២ឆ្នាំ អ្វីៗបានងើបមកប្រសើរឡើងវិញ ប៉ុន្តែវិបត្តិកូវីដ១៩ និងសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឲ្យពិភពលោកជួបកលយុគរយៈពេល៤ឆ្នាំ និងមិនទាន់អាចទស្សន៍ទាយថា ចប់ពេលណានៅឡើយ ខណៈបញ្ហាភូមិសាស្រ្តនយោបាយអន្តរជាតិ កំពុងមានភាពតានតឹង និងភាពមិនអាចទស្សន៍ទាយបានផងដែរ។

ក្នុងស្ថានភាពនេះ យើងអាចប្រើនូវការវិភាគមួយចំនួនដូចជា ឆ្នាំ២០២០ មនុស្សស្ទើរគ្រប់គ្នាមានលុយនៅពេញដៃ នៅឆ្នាំ២០២១ ពួកគេចាយលុយអស់ពាក់កណ្តាល។ ឆ្នាំ២០២២ លុយរបស់ពួកគេបានអស់ពីទូដែក ឬពីហោប៉ៅ ហើយមកដល់ឆ្នាំ២០២៣ ម្នាក់ៗកំពុងជួបវិបត្តិលំហូរសាច់ប្រាក់ និងជាប់ផុងក្នុងបំណុល។

ហេតុនេះប្រសិនជាអ្នកនៅមានលំហូរសាច់ប្រាក់ល្អ និងមិនជាប់ផុងក្នុងបំណុល អ្នកគួរស្រែកជ័យឃោសឲ្យខ្លួនឯង។

ទាំងអស់គ្នា កំពុងមានសង្ឃឹមសម្រាប់ឆ្នាំ២០២៤ ហេតុនេះប្រសិនជាសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនចប់នៅឆ្នាំ២០២៤ខាងមុខ អ្វីៗនឹងមានភាពប្រសើរឡើង។

យ៉ាងណាអ្វីៗមិនអាចទស្សន៍ទាយបាននៅឡើយ ប៉ុន្តែក្នុងនាមជាអ្នកវិនិយោគ និងជាអ្នកមានទស្សនវិស័យវិជ្ជមាន អ្វីៗនៅតែមានសង្ឃឹម និងគួរបង្កើតឱកាស ជាជាងអង្គុយរង់ចាំឱកាសមកដល់៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

LEAVE A REPLY

Please enter your comment!
Please enter your name here