ដោយៈ ជេស៊ីកា
ភ្នំពេញៈ អ្នកជំនាញ និងអ្នកអភិវឌ្ឈន៍អន្តរជាតិបានលើកឡើងពីមូលហេតុ ដែលអ្នកវិនិយោគ ក៏ដូចជាភ្ញៀវទេសចរណ៍ចិនមិនទាន់ត្រលប់មកកម្ពុជាច្រើនដូចមុនវិបត្តិកកូវីដ១៩។
ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុនUrban Hub លោកបណ្ឌិតBen Li បានលើកឡើងក្នុងកិច្ចសម្ភាសន៍ ពិសេសកាលពីចុងសប្តាហ៍មុនថា ចំនួនជនជាតិចិន មកអាចត្រលប់មកកម្ពុជាវិញ ដោយសារប៉ាស្ព័ររបស់ពួកគេផុតសុពលភាព ហើយពេលនេះពួកគេកំពុងបន្តសុពលភាពប៉ាស័្ពរ ឬលិខិតឆ្លងដែនរបស់ពួកគេឡើងវិញ។
លោកបន្តថា “បន្ទាប់ពីការរាំងខ្ទប់ដោយសារជំងឺកូវីដ១៩ ប៉ាស្ព័រជនជាតិចិនភាគច្រើនបានហួសសុពលភាព”។ លោកបន្ថែមថា”ពួកគេកំពុងបន្តសុពលភាពប៉ាស្ព័រ របស់ពួកគេឡើងវិញ ហេតុនេះនៅអំឡុងខែមិថុនា និងកក្កដាខាងមុខ ពួកគេនឹងត្រលប់មកកម្ពុជាច្រើនឡើងវិញហើយ”។
លោកបណ្ឌិតBen Liបានបន្តថា ប្រជាជនចិន អ្នកធុរកិច្ចចិនភាគច្រើនស្គាល់កម្ពុជា។ ពួកគេមានសុទិដ្ឋិនិយមពីទីផ្សារ នៅកម្ពុជា ហេតុនេះ ពួកគេនឹងវិលត្រលប់មកកម្ពុជា ច្រើនឡើងវិញនាពេលខាងមុខនេះ។
ជាមួយគ្នានេះ អ្នកនាងSandyនាយិកកាក្រុមហ៊ុនលក់ខុនដូ និងជាអ្នកជំនាញខុនដូមួយរូប បានលើកឡើងឲ្យដឹងនៅថ្ងៃដដែលថា រដ្ឋាភិបាលចិន កំពុងព្យាយាមខ្ទប់មិនឲ្យប្រជាជន និងអ្នកធុរកិច្ចចិន ចេញមកក្រៅប្រទេស តាមរយៈការមិនបន្តសុពលភាពប៉ាស្ព័រឲ្យប្រជាជនរបស់ខ្លួន។
អ្នកនាបន្តថា “ការមិនបន្តសុពលភាព មានន័យស្មើនឹងការបិទខ្ទប់ប្រជាជនចិនចេញក្រៅប្រទេស ដោយរដ្ឋាភិបាលចិនព្យាយាមយ៉ាងណាមិនឲ្យមានលំហូរសាច់ប្រាក់ ចេញពីប្រទេសរបស់ខ្លួនច្រើននោះទេ”។ អ្នកនាងបន្តថា “រដ្ឋាភិបាលចិនព្យាយាមឲ្យអ្នកវិនិយោគ ឬអ្នកមានធនធាន ចំណាយទុនវិនិយោគ ក្នុងប្រទេសរបស់ខ្លួនជាជាងចេញមកក្រៅប្រទេស”៕