ដោយ: គង់ លាងហួរ
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានមានប្រសាសន៍ថា សេដ្ឋកិច្ចរបស់កម្ពុជានឹងមានសុខភាពល្អជាងមុននៅឆ្នាំនេះ បើធៀបនឹងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ ដោយសារការងើបឡើងវិញយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចសង្គម ខណៈដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជាត្រូវបានរំពឹងថា នឹងសម្រេចបាននូវកំណើនខ្ពស់រៀងៗខ្លួននៅក្នុងឆមាសទី២។
ការវាយតម្លៃអំពីសុខភាពសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានបង្ហាញកាលពីថ្ងៃអង្គារសប្តាហ៍មុនក្នុងជំនួបរវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈប្រតិភូ IMF ដឹកនាំដោយប្រធានក្រុមបេសកកម្មថ្មី លោក Davide Furceri និងលោក Yasuhisa Ojima តំណាងរបស់ IMF ប្រចាំនៅកម្ពុជា។
លោក Furceri បានអះអាងថា កម្ពុជារំពឹងថា នឹងរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ២០២៣នេះ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា (RGC) បានដាក់ចេញវិធានការអន្តរាគមន៍នានាដើម្បីកាត់បន្ថយផលប៉ះពាល់នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងក្នុងតំបន់ និងលក្ខខណ្ឌមិនអំណោយផលនានាផងដែរ។







