ដោយៈ គង់ សូរិយា
ភ្នំពេញៈ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់រួចរាល់ហើយនៅក្នុងក្រុងចំនួនបី។
ក្រុងសំខាន់ៗចំនួនបី រួមមាន ក្រុងព្រះសីហនុ ក្រុងបាត់ដំបង និងក្រុងសៀមរាប តាមរយៈប្រភពថវិកាជាតិ ដើម្បីឆ្លើយតបនឹងការវិវត្តបច្ចេកវិទ្យាព័ត៌មានយ៉ាងឆាប់រហ័ស និងចូលរួមចំណែកគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល និងជំរុញសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនលូតលាស់ ប្រកបដោយចីរភាព។ អគ្គនាយកដ្ឋាននឹងបន្តបង្កើតតប្រព័ន្ធGIS នេះ នៅក្នុងខេត្តផ្សេងៗទៀត។
-->
ព៌តមាននេះត្រូវបានបង្ហើបឲ្យដឹងពីលោកសួន ភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃប្រព័ន្ធលូ និងប្រព័ន្ធទឹកចម្រោះទឹកកខ្វក់(GIS) នៅក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរសាធារណការខេត្តព្រះសីហនុ សាលាក្រុងព្រះសីហនុ និងមន្ត្រីបច្ចេកទេស ជាច្រើនរូបផងដែរ។
អង្គប្រជុំបានជជែកពិភាក្សាលម្អិតលើទិន្នន័យ ដែលបានរៀបចំនៅក្នុងប្រព័ន្ធGIS ដើម្បីទទួលបានមតិយោបល់ ក៏ដូចជាធាតុចូលទាក់ទងនឹងទិន្នន័យ តាមផ្នែកនីមួយៗឱ្យបានលម្អិត និងគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណាកែសម្រួល និងបំពេញបន្ថែមនូវតម្រូវការចាំបាច់មួយចំនួនដើម្បីធ្វើឱ្យប្រសើរឡើង និងសមស្របតាមស្ថានភាពបច្ចុប្បន្ន។
ជាមួយគ្នានោះដែរ លោកអគ្គនាយក បានថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេសនៃ នាយកដ្ឋានស្រាវជ្រាវប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលបានរៀបចំ គ្រប់គ្រង និងវិភាគទិន្នន័យប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ និងបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់មន្ទីរ សាធារណការខេត្តព្រះសីហនុ ដែលបានសំដៅសម្រេចបាននូវការរៀបចំទិន្នន័យ សម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍ ជួសជុល ថែទាំ និងគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ឱ្យបានជោគជ័យ និងប្រកបដោយគុណភាព។

ប្រព័ន្ធGISនេះ ត្រូវបានបង្កើតឡើង ដោយក្រុមការងារបច្ចេកទេសនាយកដ្ឋានស្រាវជ្រាវប្រព័ន្ធចម្រោះទឹកកខ្វក់ នៃអគ្គនាយកដ្ឋានចម្រោះទឹកកខ្វក់ ក្នុងគោលបំណង ដើម្បីរក្សាទុកទិន្នន័យ ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុង Geographic Information System (GIS) ដើម្បីគ្រប់គ្រង វិភាគ និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងបណ្តាញលូរំដោះទឹកភ្លៀង លូប្រមូលទឹកកខ្វក់ ប្រព័ន្ធចម្រោះទឹកកខ្វក់ និងរក្សាទុកប្រើប្រាស់ ដើម្បីរៀបចំផែនការ សាងសង់ ប្រតិបត្តិការ និងថែទាំ ក៏ដូចជាបម្រើគោលដៅ ផ្សេងៗទៀតឱ្យកាន់តែប្រសើរឡើង និងប្រសិទ្ធភាព៕