ដោយៈ ហ្វីអូណា
ភ្នំពេញៈ លោកផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការត្រៀម រៀបចំពិធីបើកការដ្ឋាន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ អនុគណៈកម្មការត្រៀមរៀបចំពិធីបើកការដ្ឋាន លើកកម្រិត និងជួសជុល ថែទាំកំណាត់ផ្លូវខេត្តលេខ៣១២ ស្ថិតក្នុងស្រុកព្រះស្តេច នៃខេត្តព្រៃវែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំពិធីបើកការដ្ឋាន ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធីខាងលើ ប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពការងារតាមការបែងចែក ដូចមានចែងនៅក្នុងលិខិតបង្គាប់ការ ។
លោករដ្ឋលេខាធិការប្រធានអង្គប្រជុំ បានណែនាំឱ្យសមាជិក សមាជិកាគណៈកម្មការ សហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានគ្នាទៅវិញ ទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា ជាពិសេស ត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីបើកការដ្ឋានបានប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក ។
ជាមួយគ្នានោះដែរ អង្គប្រជុំបានសម្រេចឱ្យក្រុមការងារបច្ចេកទេស និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រុមការងារពាក់ព័ន្ធ ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅថ្ងៃទី១៥ ខែឧសភា ២០២៣ ដើម្បីសិក្សាស្វែងយល់ទីតាំងភូមិសាស្ត្រ សម្រាប់ការរៀបចំពិធី ដែលអាចធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបរិស្ថានល្អសម្រាប់អ្នកចូលរួម។
ពិធីបើកការដ្ឋានលើកកម្រិតគុណភាព និងជួសជុល ថែទាំកំណាត់ផ្លូវខេត្ដលេខ៣១២ (សំរោង-ករគោ ព្រំប្រទល់កម្ពុជា-វៀតណាម) មានប្រវែងសរុប ២៨,៣៧ គ.ម ស្ថិតក្នុងស្រុកព្រះស្ដេច ខេត្ដព្រៃវែង ក្រោមឥណទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងនឹងប្រារព្ធឡើងនៅសប្ដាហ៍ទី៣ នៃខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕