ដោយៈគង់ សូរិយា
ភ្នំពេញៈ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ក្នុងទស្សនវិស័យ សេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំរបស់ខ្លួន ដែលបានចេញផ្សាយកាលពីខែមុនថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសសមាជិកRCEP ចំនួន៣ ដែលទទួលបានកំណើន សេដ្ឋកិច្ចរឹងមាំបំផុតក្នុងឆ្នាំ២០២៣ រួមជាមួយប្រទេសហ្វីលីពីន និងប្រទេសវៀតណាម។
IMF និយាយថា ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ស្មើគ្នាជាមួយនឹងប្រទេសវៀតណាម ដោយសេដ្ឋកិច្ចទាំង២នេះ ត្រូវបានព្យាករថា នឹងសម្រេចបានកំណើន៥,៨%នៅឆ្នាំនេះ ខណៈសេដ្ឋកិច្ចហ្វីលីពីន ត្រូវបានគេព្យាករថានឹងសម្រេចបានកំណើន៦%។
-->
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP គ្របដណ្ដប់លើប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ចំនួន១៥រួមមាន ប្រទេសជាសមាជិកអាស៊ាន ទាំង១០ និងដៃគូពាណិជ្ជកម្មចំនួន៥ គឺប្រទេសចិន ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង ប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់៕ 
លោក ប៉ែន សុវិជាតិអ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP នឹងជួយកម្ពុជា បញ្ចប់ឋានៈរបស់ខ្លួន ជាប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៨ និងសម្រេចគោលដៅក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ និងជានាយកវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា “កិច្ចព្រមព្រៀង RCEP បានជួយឱ្យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា និងប្រទេសផ្សេងទៀតឱ្យងើបឡើងវិញពីវិបត្តិកូវីដ-១៩ កាន់តែឆាប់រហ័ស។
លោកបន្តថា “សម្រាប់រយៈពេលវែង ខ្ញុំជឿថាវានឹងក្លាយជាមជ្ឈមណ្ឌលទំនាញថ្មី សម្រាប់ពាណិជ្ជកម្មពិភពលោក”៕