ដោយៈ សុខុម
វៀងចន្ទរ៍: ពិធីមួយត្រូវបានរៀបចំឡើង នៅស្រុកសាំនឿ នៃខេត្តហួផាន់ (Houaphanh) ប្រទេសឡាវ កាលពីថ្ងៃច័ន្ទ ទី១៥ ខែឧសភា ដើម្បីប្រគល់ និងដាក់ឱ្យដំណើរការអាកាសយានដ្ឋាន Nong Khang ដែលគេរំពឹងថា នឹងដើរតួនាទីជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃតំបន់ភាគឦសានរបស់ប្រទេសឡាវ ជាពិសេសខេត្តហួផាន់។
អាកាសយានដ្ឋាន Nong Khang គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ របស់រដ្ឋាភិបាលឡាវ ក្នុងគោលបំណងផ្លាស់ប្តូរឡាវ ពីប្រទេសគ្មានដែនសមុទ្រ (Landlocked Country) ទៅជាប្រទេសដែលតភ្ជាប់ទំនាក់ទំនងក្នុងតំបន់។
-->
គម្រោង Build-Transfer (BT) នេះមានទុនវិនិយោគសរុបចំនួន៨២លានដុល្លារអាមេរិក ដែលទទួលបានហិរញ្ញប្បទានតាមរយៈកម្ចីពីក្រុមហ៊ុនវៀតណាម Hoang Anh Gia Lai Agriculture JSC។
អាកាសយានដ្ឋាននេះ ត្រូវបានសាងសង់ឡើងតាមស្ដង់ដារ 3C របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ដែលអាចទទួលអ្នកដំណើរបាន១០០.០០០នាក់ក្នុងមួយឆ្នាំ និងអាចទទួលយន្តហោះដែលអាចផ្ទុកអ្នកដំណើរ ចន្លោះពី៧០ទៅ១០០កៅអី។
លោក Vanxay Phengsoumma អភិបាលខេត្តហួផាន់ បានលើកឡើងថា ពិធីសម្ពោធដាក់ឱ្យដំណើរការ អាកាសយានដ្ឋាន Nong Khang មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងកិច្ចសហប្រតិបត្តិការឡាវ-វៀតណាមប៉ុណ្ណោះទេ ថែមទាំងបានបំពេញក្ដីរំពឹងទុកជាយូរមកហើយរបស់ពលរដ្ឋ ក្នុងមូលដ្ឋានទៀតផង ដោយផ្តល់ឱកាសឱ្យខេត្តរីកចម្រើនលើគ្រប់វិស័យ។
យោងតាមនាយកដ្ឋានអាកាសចរណ៍ស៊ីវិលឡាវ បានឱ្យដឹងថា អាកាសយានដ្ឋាន Nong Khang ជួយសម្រួលការតភ្ជាប់រហ័សរវាងតំបន់ភាគឦសាននៃប្រទេសឡាវ និងរដ្ឋធានីវៀងច័ន្ទ ក៏ដូចជាទីក្រុង និងខេត្តផ្សេងទៀត៕ Vietnam News៕
