នាយករដ្ឋមន្ត្រីវៀតណាមអនុម័តផែនការថាមពលតម្លៃ១៣៥ពាន់លានដុល្លារសម្រាប់ឆ្នាំ២០៣០

0

ដោយ: គង់ លាងហួរ

ហាណូយ: យោងតាមប្រភពពីរដ្ឋាភិបាលបានឱ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាម បានអនុម័តផែនការថាមពល ដែលមានតម្លៃ១៣៤,៧ពាន់លានដុល្លារអាមេរិក សម្រាប់រោងចក្រថាមពល និងបណ្តាញអគ្គិសនីថ្មីរបស់ប្រទេសមួយនេះ។

ផែនការនេះត្រូវបានគេស្គាល់ថាជា PDP8 មានគោលបំណងធានាសន្តិសុខថាមពល សម្រាប់ប្រទេសមួយនេះ ខណៈដែលខ្លួនចាប់ផ្តើមងាកចេញពីការពឹងផ្អែកខ្លាំង នាពេលបច្ចុប្បន្នទៅលើធ្យូងថ្ម។

ផែនការនេះមានសារៈសំខាន់ ក្នុងការបើកការវិនិយោគដំបូងចំនួន១៥,៥ពាន់លានដុល្លារអាមេរិក នៅក្នុងមូលនិធិផ្លាស់ប្តូរបៃតង ដែលបានប្តេជ្ញា ដោយក្រុមប្រទេសទាំង៧ (G7) និងបណ្តាប្រទេសអ្នកមានផ្សេងទៀត។ មូលនិធិពាក់កណ្តាល នឹងបានមកពីវិស័យសាធារណៈ និងអ្នកវិនិយោគឯកជន។

អ្នកការទូតម្នាក់មកពីក្រុមម្ចាស់ជំនួយG7 បានប្រាប់សារពត៌មានរ៉យទ័រនៅថ្ងៃអង្គារនេះថា ការអនុម័តគឺជាជំហានដ៏សំខាន់មួយ ចាំបាច់ ដើម្បីដោះសោការផ្តល់មូលនិធិ សម្រាប់គម្រោងកកើតឡើងវិញ ជាពិសេសខ្យល់នៅឆ្នេរសមុទ្រ។

អ្នកកាទូតរូបនោះបានបន្ថែមថា ទោះបីជាយ៉ាងណាក្តី វាមិនស្របតាមគោលដៅរបស់ក្រុមប្រទេសG7 ទាំងស្រុងនោះទេ ដោយ​សារប្រទេសវៀតណាម នឹងនៅតែពឹងផ្អែកខ្លាំងលើធ្យូងថ្ម នៅទស​វត្សរ៍នេះ។

ស្ថិតនៅក្រោមផែនការនេះ ពាក់កណ្តាលនៃអគារការិយាល័យ និងផ្ទះនៅប្រទេសវៀតណាម នឹងត្រូវបានបំពាក់ដោយបន្ទះសូឡានៅលើដំបូលនៅឆ្នាំ២០៣០។ ប្រទេសនេះក៏គ្រោងបង្កើតថាមពលបៃតងសម្រាប់ការនាំចេញផងដែរ ជាមួយនឹងគោលដៅពី៥ទៅ១០ជីហ្គាវ៉ាត់ (GW) ត្រឹមឆ្នាំ២០៣០ខាងមុខ។

យោងតាមសេចក្តីព្រាងPDP8 ចុះថ្ងៃទី១០ ខែឧសភាបានបង្ហា​ញថា ផែនការនេះនឹងបង្កើន សមត្ថភាពផលិតថាមពលរបស់ប្រទេសវៀតណាមទ្វេរដង រហូតដល់១៥៨GW នៅឆ្នាំ២០៣០ ពី៦៩GW នៅចុងឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here