ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសុខ សុភ័ក្របានជួបប្រជុំ ជាមួយតំណាងសហភាពអឺរ៉ុប នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំគម្រោងថ្មី ដែលគាំទ្រដោយសហភាពអឺរ៉ុប បន្តពីគម្រោង ARISE Plus Cambodia។
គម្រោងថ្មីនេះ នឹងជួយឱ្យកម្ពុជាអនុវត្តកាតព្វកិច្ច និងការសន្យាក្នុងក្របខណ្ឌអង្គការ WTO និងអាស៊ានផងដែរ។ គម្រោងនេះ មានសមាសមាភាគបីសំខាន់ៗដូចជា ទី១ ការរៀបចំគោលនយោបាយពាណិជ្ជកម្ម (Trade Policy) ទី២ ការសម្របសម្រួលពាណិជ្ជកម្ម (Trade Facilitation) និងទី៣ បង្កើនសមត្ថភាពវិស័យឯកជន (private Sector)។
-->
លោកសុខ សុភ័ក្របានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការល្អជាមួយសហភាពអឺរ៉ុប និងអង្គការ GIZ ក្នុងការអនុវត្តគម្រោង ARISE Plus Cambodia ដែលជាគម្រោងផ្តល់ហិរញ្ញប្បទាន ដោយសហភាពអឺរ៉ុប និងរដ្ឋាភិបាលអាល្លឺម៉ង់។ ក្រោយពីការធ្វើបទបង្ហាញពីលទ្ធផល នៃកិច្ចពិគ្រោះយោបល់របស់តំណាងសហភាពអឺរ៉ុប។
លោកបញ្ជាក់ថា “គម្រោងថ្មីនេះ មានគោលបំណងដើម្បីរួមចំណែកដល់ការធ្វើពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព និងពង្រឹងវិស័យឯកជនឱ្យមានភាពរឹងមាំជាងមុន ដែលអាចបំពេញលក្ខខណ្ឌតម្រូវតាមស្ដង់ដារអន្តរជាតិ សម្រាប់ការនាំចេញទៅកាន់ សហភាពអឺរ៉ុប និងទីផ្សារក្នុងតំបន់”។
គម្រោងថ្មីដែលគាំទ្រដោយសហភាពអឺរ៉ុបនេះ នឹងបន្តអនុវត្តនូវសកម្មភាព និងលទ្ធផលដែលសម្រេចបាន ក្រោមគម្រោង ARISE Plus Cambodia ក៏ដូចជាចូលរួម ក្នុងការអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CITS 2019-2023) ដែលចូលរួមពង្រឹងភាពប្រគួតប្រជែង ក្នុងវិស័យពាណិជ្ជកម្មរបស់កម្ពុជា ទាំងក្របខណ្ឌគោលនយោបាយ និងសមត្ថភាពរបស់វិស័យឯកជន បន្ទាប់ពីកម្ពុជានឹងចាកចេញពីស្ថានភាព ជាប្រទេសអភិវឌ្ឍន៍តិចតួច នាពេលខាងមុខ៕