ដោយ: គង់ លាងហួរ
តូក្យូ: រយៈពេល២០ខែ ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានស៊ូទ្រាំនឹងការវាយតម្លៃចំណាត់ថ្នាក់ទាប រឿងអាស្រូវរបស់គណៈរដ្ឋមន្ត្រី និងការប៉ុនប៉ងវាយប្រហារដោយគ្រាប់បែក។
ប៉ុន្តែកិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំប្រទេស G7 នាពេលខាងមុខ ដែលជាក្រុមប្រទេសប្រជាធិបតេយ្យ អ្នកមានជាងគេបំផុតក្នុងពិភពលោកនឹងប្រមូលផ្តុំគ្នា ដើម្បីសម្របសម្រួលលើបញ្ហា គឺជាឱកាសថ្មីមួយ សម្រាប់លោក Kishida ដើម្បីរះមុខឡើង។
ដោយផ្តល់សម្ភាសន៍នៅទីក្រុងតូក្យូ ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនពេលកិច្ចប្រជុំចាប់ផ្តើម លោក Kishida មានទំនុកចិត្តលើខ្លួនឯង និងដោយឯកឯង ដោយបានឆ្លើយសំណួរទៅវិញទៅមក និងមិនសូវពិនិត្យមើលកំណត់ត្រាសរសេរទុករបស់លោកនោះទេ។
ប៉ុន្តែបន្ទាប់មកបទសម្ភាសន៍ បានលើកឡើងនូវសំណួរអំពីបញ្ហាកោះតៃវ៉ាន់។ រំពេចនោះដែរ អារម្មណ៍បានប្រែប្រួល ហើយលោក Kishida បានងាកទៅមើលក្រដាសសរសេរទុករបស់លោក ដោយអានយ៉ាងប្រុងប្រយ័ត្ន ពីឯកសារដែលបានរៀបចំទុក ដែលខុសផ្ទុយពីប្រធានបទផ្សេងៗទៀត។
លោក Kishida បានប្រាប់កាសែតNikkei Asia ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយកាលពីថ្ងៃទី១០ ខែឧសភាថា “សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ មានសារៈសំខាន់មិនត្រឹមតែ សម្រាប់ប្រទេសរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សហគមន៍អន្តរជាតិ ទាំងមូលផងដែរ” ។
លោកបន្តថា “ជំហររបស់យើងគឺថា បញ្ហាតៃវ៉ាន់គួរតែត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនា ហើយលោកជឿជាក់ថា ក្រុមប្រទេសG7 សាមគ្គីគ្នាលើបញ្ហានេះ”។
ការផ្លាស់ប្តូរអាកប្បកិរិយារបស់លោក Kishida នៅពេលនិយាយអំពីបញ្ហាតៃវ៉ាន់ បានបង្ហាញពីភាពប្រុងប្រយ័ត្ន របស់រដ្ឋាភិបាលជប៉ុន ចំពោះទំនាក់ទំនងការទូតជាមួយប្រទេសចិន។
ទំនាក់ទំនងនៅច្រកសមុទ្រតៃវ៉ាន់ ក៏ទំនងជាស្ថិតក្នុងចំណោមបញ្ហាដ៏ចម្រូងចម្រាសបំផុត ដែលក្រុមមេដឹកនាំ G-7 នឹងប្រឈមមុខនៅក្នុងកិច្ចប្រជុំរបស់ពួកគេ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ាផងដែរ។
ប្រទេសជប៉ុនបានដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់បញ្ចូលបញ្ហាតៃវ៉ាន់ នៅក្នុងសេចក្តីថ្លែងការណ៍លើកមុនរបស់G7 ដូចជាកិច្ចប្រជុំកំពូល Cornwall ឆ្នាំ២០២១ ដែលបានកត់សម្គាល់ថា ក្រុមមេដឹកនាំបានគូសបញ្ជាក់ “សារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់”។
មន្ត្រីជប៉ុនមួយរូបបានប្រាប់ដល់កាសែត Nikkei ថា ការដាក់បញ្ចូលបញ្ហាតៃវ៉ាន់ នៅក្នុងសេចក្តីថ្លែងការណ៍ឆ្នាំ២០២១ គឺជាលើកទីមួយហើយ ដែលក្រុមមេដឹកនាំG7 បានទទួលស្គាល់បញ្ហានេះថាស្មើនឹងបញ្ហានៃការព្រួយបារម្ភរបស់អន្តរជាតិ។
ស្របតាមសម្ដីរបស់លោក Kishida ដែលបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Nikkei សេចក្តីថ្លែងការណ៍អាចនឹងលើកឡើងថា សន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ មានសារៈសំខាន់ចំពោះសន្តិសុខ និងវិបុលភាពនៅក្នុងសហគមន៍អន្តរជាតិ។
ជំហររបស់ប្រទេសជប៉ុនលើកោះតៃវ៉ាន់ ត្រូវបានថ្លឹងថ្លែងយ៉ាងប្រុងប្រយ័ត្ន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូល ក្រុមប្រទេស G-7 ឱ្យគាំទ្រខ្លួន។
លើសពីនេះទៀត រឿងភ្ញាក់ផ្អើលបានកើតឡើង នៅពេលដែលប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីខែមេសាបានប្រាប់គេហទំព័រព័ត៌មាន Politico ថា អឺរ៉ុបគួរតែជៀសវាងជាប់ក្នុងវិបត្តិ ដែលមិនមែនជាវិបត្តិរបស់យើង ដែលលោកសំដៅទៅលើបញ្ហាកោះតៃវ៉ាន់៕