វិធានការលើកទឹកចិត្តថ្មីរបស់រដ្ឋាភិបាលអូស្ត្រាលីចំពោះអ្នកទិញផ្ទះលើកដំបូងជំរុញឱ្យតម្លៃផ្ទះកើនឡើង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅខែកញ្ញា ឆ្នាំ២០២៥ តម្លៃផ្ទះនៅប្រទេសអូស្ត្រាលីបានកើនឡើង០,៨ភាគរយ ដែលជាកំណើនប្រចាំខែខ្ពស់បំផុតចាប់តាំងពីខែតុលា ឆ្នាំ២០២៣។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cotality ។

កំណើននេះត្រូវបានជំរុញដោយការដាក់ចេញវិធានការលើកទឹកចិត្តថ្មីរបស់រដ្ឋាភិបាលចំពោះអ្នកទិញផ្ទះលើកដំបូង ការកាត់បន្ថយអត្រាការប្រាក់ និងការផ្គត់ផ្គង់លំនៅដ្ឋាននៅមានកម្រិត។

តម្លៃផ្ទះនៅទីក្រុង Darwin បានកើនឡើង១,៧ភាគរយ ខណៈតម្លៃផ្ទះនៅទីក្រុង Perth បានកើនឡើង១,៦ភាគរយ។ ចំណែក តម្លៃផ្ទះនៅទីក្រុង Brisbane បានកើនឡើង១,៦ភាគរយ ហើយតម្លៃផ្ទះនៅទីក្រុងសុីដនីបានកើនឡើង០,៨ភាគរយ។

ជាមួយគ្នានេះ តម្លៃផ្ទះលំដាប់មធ្យម (Mid-range) បានកើនឡើង ដោយសារពលរដ្ឋអូស្ត្រាលីអាចខ្ចីប្រាក់បានកាន់តែច្រើន និងមានលទ្ធភាពទិញអចលនទ្រព្យ ដែលមានតម្លៃខ្ពស់ជាងមុន។

ធនាគារកណ្តាលរបស់ប្រទេសអូស្ត្រាលី (RBA) បានកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនចំនួន៣ដងរួចមកហើយក្នុងឆ្នាំ២០២៥នេះ និងអាចទាញទម្លាក់អត្រាការប្រាក់បន្ថែមទៀតនាពេលខាងមុខ។

លោក Tim Lawless នាយកស្រាវជ្រាវនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cotality បានលើកឡើងថា នៅឆ្នាំនេះ ធនាគារកណ្តាលអូស្ត្រាលីបានកាត់បន្ថយអត្រាការប្រាក់ចំនួន៣លើក ក្នុងអត្រាសរុបចំនួន០,៧៥ភាគរយរួចមកហើយ។ ការណ៍នេះបានជួយជំរុញតម្រូវការលំនៅដ្ឋាន។

លោកបន្តថា ការទាញទម្លាក់អត្រាការប្រាក់បានធ្វើឱ្យទំនុកចិត្តអ្នកប្រើប្រាស់មានភាពប្រសើរឡើង ដែលជំរុញឱ្យមនុស្សធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុធំៗ ដូចជាការទិញផ្ទះជាដើម។

ទោះជាយ៉ាងណា ប្រទេសអូស្ត្រាលីនៅតែប្រឈមមុខនឹងបញ្ហាកង្វះលំនៅដ្ឋានតម្លៃសមរម្យ។ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលអូស្ត្រាលីគ្រោងសាងសង់ផ្ទះថ្មីឱ្យបានចំនួន១,២លានខ្នងនៅត្រឹមឆ្នាំ២០២៩ និងអនុញ្ញាតឱ្យអ្នកទិញផ្ទះលើកដំបូងបង់ប្រាក់កក់មុនត្រឹមតែ៥ភាគរយប៉ុណ្ណោះ៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here