ដោយ: គង់ លាងហួរ
ភ្នំពេញ: ទោះបីជាត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយយ៉ាងណាក្តី ក៏ស្ថានភាពសាងសង់គម្រោងខុនដូ Le Bassac នៅតែមានសភាពទ្រឹងដដែល ដោយមិនមានការធ្វើបច្ចុប្បន្នភាព ឬដំណើរការអស់រយៈពេលជាច្រើនឆ្នាំ និងធ្វើឱ្យមានការខកចិត្តយ៉ាងខ្លាំង ពីសំណាក់ក្រុមអ្នកចាប់អារម្មណ៍។
គម្រោងដ៏ល្បីល្បាញនេះ រួមមាន ការសាងសង់អគារកម្ពស់៣៤ជាន់ ដែលមានតម្លៃ៣៥,៧០លានដុល្លារអាមេរិក ដែលស្ថិតនៅចំណុចប្រសព្វផ្លូវធំៗចំនួន២ គឺមហាវិថីនរោត្តម និងផ្លូវលេខ២៩៤។ គម្រោងនេះ មានទីតាំងបែបយុទ្ធសាស្ត្រដ៏ល្អ ដែលមានចំងាយត្រឹមតែ២៥០ម៉ែត្រប៉ុណ្ណោះពីវិមានឯករាជ្យ ដែលជាទីតាំងដ៏សំខាន់បំផុតមួយក្នុងរាជធានីភ្នំពេញ។
ខុនដូ Le Bassac ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Taiwan Construction Company- 4 Season Construction Co., Ltd. និងរចនាឡើងដោយវិស្វករល្បីឈ្មោះលោក C. Y. Lee និងក្រុមហ៊ុន China State Construction Engineering Corporation (CSCEC)។
គម្រោងខុនដូ Le Bassac ត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅពាក់កណ្តាលឆ្នាំ២០១៧ ហើយដំបូងឡើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២។ ប៉ុន្តែគិតរហូតមកដល់ពេលនេះ គម្រោងនេះមិនទាន់បានបញ្ចប់ដំណើរការសាងសង់នៅឡើយនោះទេ។
ស្ថានភាពនេះបានបង្កឱ្យមានការព្រួយបារម្ភ ចំពោះភាគីពាក់ព័ន្ធនានាដែលមានសក្តានុពល និងភាគីចាប់អារម្មណ៍ ដែលកំពុងរង់ចាំព័ត៌មានថ្មីៗ អំពីដំណើរការរបស់គម្រោងយ៉ាងអន្ទះសារ ហើយគេក៏មិនទាន់ដឹងច្បាស់ថា វាបណ្តាលមកពីមូលហេតុអ្វី ដែលធ្វើឱ្យមានការយឺតយ៉ាវក្នុងដំណើរការសាងសង់នោះដែរ។
ថ្វីត្បិតតែមិនទាន់មានការធ្វើបច្ចុប្បន្នភាពថ្មីយ៉ាងណាក្តី ប៉ុន្តែវានៅតែបង្ហាញឱ្យឃើញថា គម្រោងខុនដូLe Bassac នេះគឺជាគម្រោងមួយប្រកបដោយមហិច្ឆតាខ្ពស់ ដែលមានគោលដៅកំណត់ឡើងវិញនូវការរស់នៅលំដាប់ខ្ពស់នៅក្នុងរាជធានីភ្នំពេញ៕