អាជ្ញាធរកីឡាប្រទេសថៃបង្ហាញពីការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៥ និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍នេះឱ្យខ្ពស់បំផុត និងលេចធ្លោជាងគេបំផុតតាមស្តង់ដារសកល

0

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ អាជ្ញាធរកីឡាប្រទេសថៃ(Sport Authority of Thailand (SAT)) បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីការត្រៀមលក្ខណៈទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥នៅប្រទេសថៃ បន្ទាប់ពីកម្ពុជាបានជោគជ័យក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ដែលនេះជាការប្តូរវេនរៀងរាល់២ឆ្នាំម្តង នៃប្រទេសសមាជិកអាស៊ាន។

សន្និសិទ្ធសារព័ត៌មាននេះ រៀបចំលើកឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារហ្គាឌិនស៊ីធី ដោយភាគីថៃបានបញ្ជាក់ពីការត្រៀមខ្លួន និងទំនុកចិត្តក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ ស្របតាមស្តង់ដារអន្តរជាតិ។

ក្នុងសន្និសីទនេះមានការចាក់បញ្ចាំងវីដេអូ “ស៊ីហ្គេមលើកទី៣៣ ទីក្រុងបាងកក ឈុនបុរី សុងក្លា” ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការ និងពហុវិស័យរបស់ខេត្ត ដែលធ្វើជាសហម្ចាស់ផ្ទះ និងការសម្តែងក្រោមចំណងជើងថា “សូមស្វាគមន៍មកកាន់ទីក្រុងរីករាយ” ដែលរំលេចនូវវប្បធម៌ ទំនៀមទម្លាប់ និងរបៀបរស់នៅរបស់ថៃ និងការស្វាគមន៍ រាក់ទាក់ចំពោះភ្ញៀវទាំងអស់។

អភិបាលនៃអាជ្ញាធរកីឡាថៃ លោក Gongsak Yodmani បានសម្តែងនូវមោទនភាព ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះ ហើយបានបង្ហាញការយល់ព្រម ពីគណៈរដ្ឋមន្ត្រីចំពោះផែនការសម្រាប់ខេត្តបាងកក ឈុនបុរី និងសុងក្លា ដើម្បីរួមគ្នាធ្វើជាម្ចាស់ផ្ទះការប្រកួតនេះ។

ក្នុងឱកាសនោះ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន បានចូលរួមអបអរសាទរ និងសម្តែងនូវបំណងចង់អភិវឌ្ឍកីឡាស៊ីហ្គេម និងទំនាក់ទំនងរវាងប្រទេសអាស៊ានជាមួយតំណាង មកពីរដ្ឋជាសមាជិកផ្សេងទៀត ដែលបានសន្យាគាំទ្រទាំងស្រុង និងសាមគ្គីភាពចំពោះប្រទេសថៃផងដែរ។

ភាគីថៃបានឱ្យដឹងថា ប្រទេសថៃបានធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេមជាលើកចុងក្រោយ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី២៤ នៅខេត្តនគររាជសីមា កាលពី១៦ឆ្នាំមុន ហើយឧស្សាហកម្មកីឡារបស់ថៃបានបោះជំហាន សម្រេចបាននូវឋានៈលំដាប់ពិភពលោកដោយស្មារតីសហការគ្រប់ភាគីពាក់ព័ន្ធ។

ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៩ ដល់ ២០ ខែធ្នូ ឆ្នាំ២០២៥ ថៃបានបញ្ជាក់ថា ការប្រកាសពីការត្រៀមខ្លួន និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍នេះឱ្យខ្ពស់បំផុត និងលេចធ្លោជាងគេបំផុតតាមស្តង់ដារសកលដែលអាចធ្វើទៅបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here