ដំណឹងល្អ! រដ្ឋាភិបាលបែងចែងគំរោងជាប់គាំងនៅក្រុងព្រះសីហនុជា៤ក្រុមដើម្បីលើកទឹកចិត្តក្នុងទម្រង់ផ្សេងៗគ្នា

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ដើម្បីដោះស្រាយបញ្ហាអាគារជាប់គាំង នៅខេត្តព្រះសីហនុ រដ្ឋាភិបាលបាននិងកំពុងផ្តល់ការលើកទឹកចិត្ត ដល់ម្ចាស់គំរោងបុរី និងម្ចាស់អាគារជាប់គាំងដោយបែងចែង៤ក្រុមខុសៗគ្នា។

យោងតាមលិខិតទីស្តីការគណៈរដ្ឋមន្រ្តីលេខ៣៥៦ ស ជ ណ ហធ ចុះថ្ងៃទី២៩ មិនា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោកបណ្ឌិតសភាចារ្យហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី នៅក្នុងទំព័រទី២ និងចំណុចទី៣ ស្តីពីវិធានការលើកទឹកចិត្តសម្រាប់គំរោងជាប់គាំងនៅក្រុងព្រះសីហនុ។

ចំណុច “ក” ក្រុមគំរោង

        ការលើកទឹកចិត្ត នឹងត្រូវផ្តល់ជូនក្រុមគំរោងតាមក្រុមនិមួយៗ រួមមាន ក្រុមគំរោងទី១ ក្រុមគំរោងទី២ ក្រុមគំរោងទី៣ និងក្រុមគំរោងទី៤។

        ក្រុមគំរោងទី១ សំដៅលើសាលារៀន គំរោងមន្ទីរពេទ្យ គំរោងហាងទំនិញរួចពន្ឋ គំរោងផ្ទះសម្រាប់ចូលនិវត្តន៍ គំរោងលំនៅដ្ឋានតម្លៃសមរម្យ និងគំរោងផ្សេងៗទៀត ដែលមានសក្តានុពលខ្ពស់សម្រា​ប់សេដ្ឋកិច្ច តាមការសម្រេចរបស់រដ្ឋាភិបាល។

ក្រុមគំរោងទី២ សំដៅសកម្មភាពវិនិយោគ ដែលស្ថិតក្រោមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់និងបទបញ្ញត្តិជាធរមាន។

ក្រុមគំរោងទី៣ សំដៅលើសកម្មភាពធុរកិច្ច ជាអាទ៍ ផ្ទះសំណាក់ សំណង់លំនៅដ្ឋាន ដែលពុំស្ថិតក្រោមច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

        ក្រុមគំរោង៤ សំដៅលើសកម្មភាពមូលនិធិ នៃគំរោងវិនិយោគរួម និង/ឬបរធនបាលកិច្ច ស្របតាមច្បាប់ និងបទបញ្ញត្តិជាធរមាន។

យោងតាមលិខិតដដែលបានឲ្យដឹងថា លក្ខខ័ណ្ឌនៃការផ្តល់ការលើកទឹកចិត្ត នឹងធ្វើឡើងក្នុងទម្រង់សំខាន់ៗចំនួន៣ រួមមាន ទី១ ត្រូវ​បានអនុញ្ញាត្តឲ្យនាំចូលសម្ភារៈសាងសង់ បរិក្ខាសំណង់ និងបរិក្ខាផលិតកម្ម ដោយពន្ឋគយ អាករពិសេ​ស អាករលើតម្លៃបន្ថែមជាបន្ទុក​របស់រដ្ឋ បន្ទាប់ពីមានលិខិតអនុញ្ញាត្តសាងសង់ និងការវាយតម្លៃលើតម្រូវការជាក់ស្តែង។ ទី២ ត្រូវដាក់ទុនវិនិយោគ ដើម្បីបញ្ចប់ការសាងសង់ និង/ឬកែលំអរឲ្យហើយរួចរាល់ក្នុងរយៈពេលពីរឆ្នាំ និងទី៣ ​​ទទួ​លបានការលើកទឹកចិត្តពន្ឋដា បន្ទាប់ពីអាគារត្រូវបានសាងសង់បញ្ចប់ និង?ឬកែលំអរជាដើម។

អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា អាគារជាប់គាំងចំនួន៨៧ បានសាងសង់ឡើងវិញនៅក្រុងព្រះសីហនុ បន្ទាប់ពីសេដ្ឋកិច្ច សង្គមកម្ពុជាដំណើរការល្អប្រសើរ។

លោកខន គង្គាអគ្គនាយកនៃក្រុមហ៊ុនERA Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា តម្រូវការអចលនទ្រព្យ ពិសេសខុនដូ បានកើនឡើងនៅក្រុងព្រះសីហនុ បន្ទាប់ពីការមកដល់​របស់ភ្ញៀវទេសចរណ៍អន្តរជាតិ ការមកដល់នូវអ្នកវិ​និយោគអន្តរជាតិ និងការបើកដំណើរការផ្លូវល្បឿនលឿ​ន ដែលបានទាក់ទាញលំហូរទេសចរណ៍ក្នុងស្រុក និងអន្តរជាតិទៅទស្សនា និងសំរាកកំសាន្តច្រើននៅខេត្តនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here