ប្រមុខរដ្ឋាភិបាលអនុញ្ញាត្តឲ្យជីកព្រែកពីទន្លេបាសាក់ទៅកាន់សមុទ្រក្នុងខេត្តកែបជាមួយផែនការចំណាយ១៧០០លានដុល្លារ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សា​ធា​​រ​ណការ និងដឹកជញ្ជូន បានសម្តែងក្តីរីករាយជាខ្លាំង បន្ទាប់ពីសម្តេចតេជោហ៊ុន សែនអនុញ្ញាត្តឲ្យមានការជីកព្រែក ពីទន្លេបាសាក់ ទៅកាន់សមុទ្រក្នុងខេត្តកែប។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់សារព៌តមានក្នុងស្រុកថា” នេះជាគម្រោង​ប្រវត្តិ​សាស្ត្រ តាំងពីសម័យហ្វូណន មកដល់សម្តេចតេជោ ដែលយើងបានស្តារឡើងវិញ ដើម្បីប្រើប្រាស់ប្រព័ន្ធដែលមានស្រាប់ពីហ្វូណន ជាប្រយោជន៍ជាតិរបស់យើង ដឹក​ជញ្ជូនទំនិញទៅសមុទ្រត្រង់តែម្តង ដោយមិនបាច់ឆ្លងទៅប្រទេសជិតខាង។ គម្រោង​នេះសំខាន់ណាស់ សំខាន់មែនទែន”។ លោកបន្ថែមថា “ខ្ញុំសប្បាយចិត្តណាស់”។

ជាមួយគ្នាបន្ទាប់ពីព័ត៌មាន ត្រូវបានផ្សព្វផ្សាយប្រជាពលរដ្ឋនៅលើបណ្តាញសង្គម ក៏បានសម្តែងការសាទរ និងរីករាយចំពោះគម្រោ​ងមួយនេះផងដែរ។

ពួកគេចាត់ទុក​គម្រោងនេះ ជាគម្រោងយក្ស ជាគម្រោងប្រវត្តិសាស្ត្រផ្នែកដឹកជញ្ជូននៅកម្ពុជា។

ទីបំផុតគម្រោងជីកផ្លូវទឹកតភ្ជាប់ពីទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដែល​ជា​គ​ម្រោងដ៏មានសារៈសំខាន់ សម្រាប់ការដឹកជញ្ជូនទំនិញនោះ ត្រូវបានរាជរដ្ឋា​ភិ​បាលអនុម័តឱ្យរៀបចំជីកហើយ ដោយគ្រោងចំណាយថវិកាប្រមាណ១,៧០០​លាន​​ដុល្លារ និងចំណាយពេល៤ឆ្នាំ។

ការសម្រេចនេះ បានធ្វើឡើងនៅ​ក្នុងកិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រីដឹក​នាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។

មុននឹងការអនុម័តលើគម្រោងនេះ​ សម្តេចតេជោ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បាន​បើក​ការជជែកដេញដោលគ្នា យ៉ាងយកចិត្តទុកដា​ក់បំផុត។ ជាពិសេសស្តាប់ការ​ពន្យល់នានា ពីសំណាក់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារ​ណ​ការ និងដឹកជញ្ជូន ដែលជាអ្នកសិក្សា និងអនុវត្តន៍គម្រោងនេះ។

កិច្ចពិភាក្សាបានធ្វើឡើង តាំងពីម៉ោង១០ព្រឹក រហូតដល់ម៉ោ​ងជាង១រសៀល។ ជា​មួយ​នឹង​ការអនុម័តនេះ សម្តេចតេជោ បានផ្តល់អនុសាសន៍ជាច្រើន ពាក់ព័ន្ធ​ផល​ប៉ះពាល់បរិស្ថាន ដែលបណ្ដាលមកពីទឹកសមុទ្រ និងបន្តពិភាក្សាជាមួយ​គណៈកម្មា​ធិការ​ចម្រុះ នៃគណៈកម្មការទន្លេមេគង្គបន្ថែមទៀត។គម្រោងនេះ ត្រូវបានដាក់ឈ្មោះថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារ​កម្ម​ទន្លេ​បាសាក់”។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ មាន​គោល​បំណង​ពង្រីក​នូវវិសាល​ភាព នៃការប្រើប្រាស់សក្ដានុពលលើការ​ដឹកជញ្ជូន​តាម​ផ្លូវទឹក សំដៅចូលរួមលើក​កម្ពស់​ សកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានការរីក​ចម្រើន​ឈាន ទៅមួយ​កម្រិត​ថែមទៀត និងផ្ដល់ជាដំណោះស្រាយសមស្រប ​លើ​បញ្ហា​ប្រឈម និងឧបសគ្គនានា នៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដែលបាននិងកំពុង​តែជួប​ប្រទះនាពេលបច្ចុប្បន្ន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here