កម្ពុជា ចិនរៀបចំវេទិកាដ៏ធំមួយដើម្បីជម្រុញសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគ

0

ដោយៈ ហ្វីអូណា

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយសមាគមលើកកម្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសកលសម្រាប់ការអភិវឌ្ឍបានរៀបចំវេទិកាធំមួយ ដើម្បីជម្រុញកិច្ចសហការផ្នែកសេដ្ឋកិច្ច និងការវិនិយោគនៅកម្ពុជា។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកឈួន ដារ៉ា បានអញ្ជើញចូលរួមជាធិបតីក្នុងវេទិកា the 9th Global Economic Development Forum (GEDF) and Cambodia Business Leaders’ Summitដែលបានប្រារពធ្វើកាលពីចុងសប្តាហ៍មុននេះ។

លោក Gui Hangfeng ប្រធានសមាគមលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសកលសម្រាប់ ការអភិវឌ្ឍបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងពាណិជ្ជកម្មកម្ពុជា សម្រាប់ការសហការរៀបចំវេទិកា the 9th Global Economic Development Forum (GEDF) and Cambodia Business Leaders’ Summit នៅរាជធានីភ្នំពេញនាពេលនេះ។

លោក Gui Hangfeng បន្តថា “កម្ពុជា និងចិនបានបង្កើតមូលដ្ឋានគ្រឹះដ៏ល្អ សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ កសិកម្ម ផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធ”។ លោកបន្តថា “គោលបំណងនៃវេទិកានេះ គឺដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅ ផ្លាស់ប្តូរបទ ពិសោធន៍ និងស្វែងរកមធ្យោបាយ ដើម្បីធ្វើសមាហរណកម្មកាន់តែប្រសើរឡើងជាមួយនឹងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មរបស់កម្ពុជា”។

លោកបានបន្ថែមថា ចិននិងកម្ពុជា គឺជាមានមិត្តភាពជាប្រពៃ​ណី និងជាអ្នកជិតខាងល្អ ដែលមានភាតរភាពជាមួយគ្នាទៅវិញទៅមក ហើយឆ្នាំ​២០២៣នេះ ​គឺ​ជា​ខួប​លើក​ទី​១០​នៃ​គំនិត​ផ្តួច​ផ្តើម “ខ្សែ​ក្រវាត់ និង​ផ្លូវ” ជាមួយនឹងការធ្វើឱ្យស៊ីជម្រៅ នៃគំនិតផ្តួចផ្តើមនេះ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងវិស័យផ្សេងៗកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

ថ្លែងក្នុងពិធីបើកវេទិកានោះ លោកឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ឆ្នាំ​២០២៣នេះ គឺជា​ឆ្នាំ​មិត្តភាព​កម្ពុជា​-​ចិន និង​ជា​ខួប​លើក​ទី​៦៥​ នៃ​ទំនាក់ទំនង​ការទូត​រវាងកម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ដូច្នេះហើយក្នុងឆ្នាំនេះ ប្រទេសយើងទាំងពីរនឹងសហការរៀបចំព្រឹត្តិការណ៍ជាច្រើន ក្នុងគោលបំណងពង្រឹងនិងពង្រីក ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជា ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ព្រមទាំងវិស័យអទិភាពដទៃទៀត។

លោកបញ្ជាក់ថា ជាក់ស្តែង វេទិកា the 9th Global Economic Development Forum (GEDF) and Cambodia Business Leaders’ Summit គឺជាសកម្មភាព ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចិន។ ក្រោមក្របខ័ណ្ឌតំបន់ ភាគីទាំងពីរបានចូលរួមបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងជំរុញឲ្យសម្រេចបាននូវ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

ក្រោមក្របខ័ណ្ឌទ្វេភាគី កម្ពុជា និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា -ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កន្លងទៅ ដែលបានត្រួសត្រាយផ្លូវ សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញកិច្ចសហប្រតិបត្តិការ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចិនក្នុងឆ្នាំ២០២២ សម្រេចបានទំហំទឹកប្រាក់ប្រមាណ១១,៦៨៦ លានដុល្លារអាមេរិក កើនឡើង៥% ធៀបនឹងឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here