ដោយៈ សុខុម
បាងកក: ប្រជាពលរដ្ឋថៃ នៅពេលនេះកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសានូវការបើកប្រាសាទព្រះវិហារ ឱ្យចូលទស្សនាឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេល១៥ឆ្នាំ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងបើកកិច្ចចរចាសន្តិភាពជាមួយកម្ពុជា ឡើងវិញ។
ដោយសារតែជម្លោះព្រំដែន ក្នុងតំបន់ប្រាសាទព្រះវិហារ ដែលអះអាងសិទ្ធិកាន់កាប់ ដោយប្រទេសទាំងពីរ ផ្លូវចូលទៅកាន់ប្រាសាទព្រះវិហារ ពីចំណុចស្រុកកាន់ថារ៉ាឡាក់ (Kantharalak) នៃខេត្តស៊ីសាកេតប្រទេសថៃ ត្រូវបានបិទចាប់តាំងពីឆ្នាំ២០០៨។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២២ ឧសភានេះ។
ទាហានរាប់ពាន់នាក់ នៃប្រទេសទាំងពីរកំពុងឈរជើងនៅឡើយតាមបណ្ដោយព្រំដែន ជាពិសេសទាហានថៃ ដែលឈរជើងនៅស៊ីសាកេត អ៊ូប៊ុន រ៉ាឆាថានី និងសុរិន្ទ។
ទាហានត្រូវបានដាក់កម្លាំង ចាំយាមល្បាតរាល់១០ទៅ១៥ម៉ែត្រមួយ បើធៀបទៅនឹងប៉ុស្ដិ៍យាមត្រួតស៊ីគ្នា ដែលបានបង្កការប្រឈមមុខដាក់គ្នាផ្នែកយោធាក្នុងឆ្នាំ២០១១។
ក្នុងឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិ ICJ បានទាមទារឱ្យភាគីទាំងពីរ ដកកងទ័ពចេញពីខាងមុខខ្លោងទ្វារ ប្រាសាទព្រះវិហារ នៅខាងទឹកដីកម្ពុជា។
ទោះជាយ៉ាងណា សេចក្ដីសម្រេចរបស់តុលាការនេះបានអនុញ្ញាតឱ្យប្រទេសថៃ និងកម្ពុជា ដាក់ពង្រាយកម្លាំងល្បាតឱ្យឆ្ងាយពីខ្លោងទ្វារប្រាសាទបន្តិច។
ទោះបីជាតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រេចថា ប្រទេសថៃ និងកម្ពុជា គួរតែស្វែងរកិច្ចព្រមព្រៀងរួម ដើម្បីអភិវឌ្ឍតំបន់ដែលស្ថិតនៅក្នុង និងជុំវិញប្រាសាទព្រះវិហារ ដើម្បីផលប្រយោជន៍គ្នាទៅវិញទៅមកយ៉ាងណាក្ដី ក៏មិនទាន់មានការវិវត្តរីកចម្រើន ណាមួយនៅឡើយទេចាប់តាំងពីឆ្នាំ២០១១ មក៕ Bangkok Post ៕