រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគតម្លៃ៥៨៨លានដុល្លារ ក្នុងរយៈពេល៤ខែដំបូង

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគលើទ្រព្យសកម្មថេរចំនួន៦៥ ដែលមានតម្លៃជាង៥៨៨លានដុល្លារនៅក្នុងរយៈពេល៤ខែដំបូង ដើមឆ្នាំ២០២៣នេះ ខណៈវិនិយោ​គិនចិន គឺជាប្រភពនៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ដ៏ធំបំផុតនៅកម្ពុជា។

លោក ជា វុទ្ធី អគ្គលេខាធិការរងក្រុមCDC បានមានប្រសាសន៍ថា លំហូរFDI បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

លោកបានថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា -ចិនកាលពីពេលថ្មីៗនេះថា “ការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសពីប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈលំហូរមូលធន បង្កើតការងារសម្រាប់ប្រជាជនក្នុងស្រុក និងការបង្កើនការនាំចេញ”។

លោក ជា វុទ្ធី ក៏​បាន​លើក​ឡើង​ផងដែរថា ការ​កើន​ឡើង​នៃ​ការ​វិនិយោគ​របស់​ចិន ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ទំនុក​ចិត្ត ​របស់​អ្នក​វិនិយោគ​នៅក្នុង​ប្រទេសកម្ពុជា។  លោកបានចាត់ទុកថា ទំនុកចិត្តនេះជំរុញមកពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល បរិយាកាសវិនិយោគអំណោយផល និងទស្សនវិស័យសេដ្ឋកិច្ចជាវិជ្ជមានរបស់ប្រទេសកម្ពុជា។

លោក​អះអាងថា កម្ពុជា​មាន​កត្តា​មួយ​ចំនួន​ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ ក្លាយ​ជា​គោលដៅ​ទាក់ទាញ​ សម្រាប់​ការ​វិនិយោគ​បរទេស។  កត្តាទាំងនេះរួមមានសន្តិភាព កម្លាំងពលកម្មប្រកួតប្រជែង ធនធានធម្មជាតិដ៏សម្បូរបែប និងការចូលទៅកាន់ទីផ្សារដ៏ធំ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី ជាមួយប្រទេសចិន និងកូរ៉េខាងត្បូង និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា “ច្បាប់វិនិយោគថ្មី រួមជាមួយនឹងការអនុគ្រោះពន្ធពាណិជ្ជកម្មដូចជា កិច្ចព្រមព្រៀង FTA កម្ពុជា-ចិន FTA កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង RCEP កំពុងផ្តល់កម្លាំងរុញច្រានដ៏ធំមួយក្នុងការទាក់ទាញការវិនិយោគមកកាន់កម្ពុជា”។

លោក សុខ ចិន្តាសោភា អគ្គលេខាធិការ CDC មានប្រសាសន៍ថា “ការកើនឡើងនៃការវិនិយោគ គឺជាសញ្ញាមួយដែលបង្ហាញថា ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកំពុងដំណើរការ”។

លោកបន្ថែមថា “ការកើនឡើងនេះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែដោយសារតែការខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ដែលបានយកឈ្នះលើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយប្រើវ៉ាក់សាំងជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីជួយកម្ពុជាឱ្យមានឱកាសអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញលើគ្រប់វិស័យ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here