ដោយៈ ហ្វីអូណា
កំពង់ឆ្នាំងៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោកចាន់ ស៊ីណាត បានអញ្ជើញដឹកនាំក្រុមដៃគូអភិវឌ្ឍន៍ ចុះធ្វើការត្រួតពិនិត្យលើតំបន់ស្ទឹងចំនួនបី ដើម្បីប្រើប្រាស់ស្រោចស្រពលើផ្ទៃដីទំហំជាង២០,០០០ហិកតា។
ស្ទឹងទាំងបីនោះរួមមាន ស្ទឹងលំហាច តំបន់ស្ទឹងអាចាង តំបន់ស្ទឹងបរិបូរណ៌ និងតំបន់ផ្ទៃងរងទឹកភ្លៀងនានា ពីតំបន់ជម្រាលទាំងអស់នៃស្ទឹងបរិបូរណ៌ ដើម្បីដំណើរការឲ្យបានឆាប់បំផុត តាមអ្វីដែលអាចធ្វើទៅបាន ក្នុងការសាងសង់អាងទឹកក្តុល ដ៏មានសក្តានុពលសម្បូរបែប ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឲ្យក្លាយទៅជាទំនប់អាងទឹក ប្រភពទឹករស់ ដើម្បីធ្វើការផ្គត់ផ្គង៉ឲ្យប្រព័ន្ធធារាសាស្រ្ត លំហាច ជានិរន្ត លើផ្ទៃដីស្រោចស្រពឲ្យបានច្រើនជាង ២០.០០០ ហិកតា បន្ថែមទៀត។
-->
ដៃគូអភិវឌ្ឈន៍ទាំងនោះ កំពុងផ្តល់ហិរញ្ញប្បទានគម្រោង CAISAR ដែលអញ្ជើញមកពីធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធនៅ
អាស៊ី(AIIB) មកពីមូលនិធីអន្តរជាតិ សម្រាប់កិច្ចអភិវឌ្ឍន៍វិស័យកសិកម្ម IFAD មកពីមូលនិធិបៃតង GCF មកពីអង្គការសហប្រជាជាតិ UN-FAOសហការីជាតិ អន្តរជាតិ អាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់ខេត្តកំពង់ឆ្នាំង។
តំបន់ទាំងអស់ខាងលើ កាលពីអតីតកាលស្ថិតក្នុងសង្រ្គាមជាមួយនឹងក្រុមឧទាមអតីតខ្មែរក្រហមដ៏យូរ ទើបតែសមាហរណកម្មចុងក្រោយគេបំផុត ធ្វើឲ្យកិច្ចអភិវឌ្ឍន៍ក្នុងហេដ្ឋារចនាសម្ព័ន្ធទឹក ក្នុងតំបន់ទាំងនេះ បានប្រព្រឹត្តទៅមានការយឺតយ៉ាវ ។

លោកលឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានការឧបត្តម្ភគាំទ្រ សហប្រតិបត្តិការដ៏រឹងមាំ ពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើករង្វង់ប្រតិបត្តិការ ធ្វើការសាងសង់បានសំណង់សិល្បកា មួយចំនួនក្នុងតំបន់ខាងលើ និងបន្ថែមការអភិវឌ្ឍន៍បន្ត លើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយមគ្រប់យ៉ាង ជាកិច្ចការចាំបាច់ និងបន្ទាន់បំផុតក្នុងនិយាមធ្វើទំនើបកម្មវិស្វកម្មក្នុងតំបន់ ដែលដីមានគុណភាពទាប ធ្វើការបង្កើនការផលិតឲ្យបានច្រើនរដូវកាល បង្កើនបរិស្ថានបៃតងលើគ្រប់រដូវកាល បង្កើតឲ្យមាននិរន្តភាព ក្នុងសុវត្ថិភាពទឹកលើគ្រប់វិស័យ និងបង្កើនជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋជាប្រចាំ៕
