ស្ពានតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត នឹងក្លាយជាស្ពានវែង ជាងគេនៅកម្ពុជា

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានបង្ហើបឲ្យដឹង ពីចំណុចតភ្ជាប់ នៃស្ពានវែងជាងគេនៅកម្ពុជា ដែលជាចំណុចចាប់ផ្តើម នៃផ្លូវល្បឿ​នលឿនភ្នំពេញ បាវិត។

លោកបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ស្ពានតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ស្រុកល្វាឯម ដែលជាចំណុចចាប់ផ្តើមនៃផ្លូវល្បឿនលឿន មានប្រវែងជិត៤គីឡូម៉ែត្រ និងសាងសង់ចេញពីចុងផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀន​ស្វាយ ឆ្ពោះទៅកាន់ស្រុកល្វាឯម ខេត្តកណ្តាល។

លោកបន្តថា “វាជាស្ពានវែងជាងគេ បើគិតនាពេលបច្ចុប្បន្ននេះ ហើយស្ពាននេះកំពុងស្ថិតក្នុងការសិក្សារបស់ក្រុមមន្រ្កីថា តើនឹងសាងសង់ស្ពានខ្សែកាប ឬស្ពានធម្មតា”។ លោកបន្តថា “ផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងបើការដ្ឋានសាងសង់ ដោយសម្តេចតេជោនាថ្ងៃទី៧ ខែ មិថុនាខាងមុខនេះ”។

លោកវ៉ាស៊ីម សូរិយាបានបន្តថា រហូតមកទល់ពេលនេះ មិនទាន់មានការកំណត់ថា ស្ពាននេះនឹងបើកការដ្ឋានសាងសង់ ដំណាលគ្នាជាមួយផ្លូវល្បឿនលឿន ឬយ៉ាងណានៅឡើយទេ។

លោកវ៉ាស៊ីម សូរិយាបានបន្តថា ការសាងសង់ស្ពាននេះ បើសិនជាសាងសង់ជាស្ពានខ្សែកាប ត្រូវចំណាយខ្ពស់ណាស់ និងត្រូវមានការថែរទាំផងដែរ ដែលប​ច្ចេកទេស នៃការថែរទាំអាចមានការលំបាក។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលនឹងចំណាយទឹកប្រាក់ជាង២០០លានដុល្លារ ដើម្បីសាងសង់ស្ពាននេះ ដោយខ្លួនឯង ដើម្បីឲ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ដោយឥតគិតថ្លៃ ព្រោះបើសិនជាក្រុមហ៊ុនចិនចំណាយ ពួកគេនឹងយកថ្លៃឈ្នួលលើការធ្វើដំនើរឆ្លងកាត់ស្ពាននេះផង និងឆ្លងកាត់ផ្លូវល្បឿនលឿ​នផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here