អាមេរិក អាចខកខានទូទាត់បំណុលត្រឹមថ្ងៃ០១ មិថុនា ខណ:លារចរចារវាង ចូ បៃឌិន និង McCathy បញ្ចប់ដោយគ្មានលទ្ធផល

0

ដោយ៖ សុខុម

ញូវយ៉ក: អាមេរិក អាចនឹងខកខានទូទាត់បំណុលត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្រោយជំនួបចរចារវាងប្រធានាធិបតី ចូ បៃឌិន និងប្រធានសភាអាមេរិក លោក Kevin McCarthy កាលពីថ្ងៃច័ន្ទ ទី២២ ខែឧសភា ជុំវិញពិដានបំណុល៣១,៤ទ្រីលានដុល្លារ របស់រដ្ឋាភិបាលអាមេរិក បានបញ្ចប់ដោយគ្មានលទ្ធផលផ្លែផ្កា។

ប្រសិនបើឈានដល់ដំណាក់ការរដ្ឋាភិបាលអាមេរិក ខកខានទូទាត់បំណុលរបស់ខ្លួនមែននោះ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងដាំក្បាលចុះធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរ ដែលអាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចទូទាំងពិភពលោក។

ទោះជាយ៉ាងណា លោកទាំងពីរបានបង្ហាញការប្ដេជ្ញាបន្តចរចាគ្នាតទៅទៀតដើម្បីឈានដល់ចំណុចរួមមួយ។

ប្រធានាធិបតីដែលមកពីគណបក្សប្រជាធិបតេយ្យ និងលោក Kevin McCarthy ប្រធានសភាដែលមកពីគណបក្សសាធារណរដ្ឋបានចរចាគ្នាយ៉ាងស្វិតស្វាញដើម្បីឈានដល់កិច្ចព្រមព្រៀងរួមមួយ ខណៈលោក Kevin McCarthy ដាក់សម្ពាធឱ្យរដ្ឋសភាព្រមព្រៀងកាត់បន្ថយការចំណាយក្នុងថវិកាសហព័ន្ធដែលលោក ចូ បៃឌិន យល់ថាហួសហេតុ និងមិនអាចធ្វើទៅបាន ហើយប្រធានាធិបតីរូបនេះក៏បានជំរុញឱ្យដាក់ចេញនូវពន្ធថ្មីៗដែលក្រុមគណបក្សសាធារណរដ្ឋបានជំទាស់។

លោក ចូ បៃឌិន បានចេញសេចក្ដីថ្លែងការណ៍បន្ទាប់ពីជំនួបចរចាដែលលោកចាត់ទុកថា “មានលទ្ធផលផ្លែផ្កា” នេះថា “យើងបានបញ្ជាក់ជាថ្មីម្ដងទៀតថា ការខកខានទូទាត់បំណុលមិនត្រូវបានលើកយកមកពិភាក្សាទៀតទេ ហើយវិធីតែមួយគត់ដើម្បីបោះជំហានឆ្ពោះទៅមុខ គឺការបោះជំហានឆ្ពោះទៅរកកិច្ចព្រមព្រៀងទ្វេបក្ស”។

ចំណែកឯលោក Kevin McCarthy បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានប្រមាណ១ម៉ោងបន្ទាប់ពីជំនួបចរចាជាមួយលោក ចូ បៃឌិន ថា ការចរចាកំពុងតែបន្ត គឺចរចារហូតដល់ពេលយប់ដើម្បីឈានដល់ការព្រមព្រៀងរួម។

លោកបានបន្តថា “ខ្ញុំយល់ថា យើងមានការពិភាក្សាដែលទទួលបានផលផ្លែផ្កា គ្រាន់តែយើងមិនទាន់ឈានដល់កិច្ចព្រមព្រៀងនៅឡើយ។ ខ្ញុំជឿជាក់ថាយើងនៅតែអាចមានឱកាសឈានដល់កិច្ចព្រមព្រៀង”៕

ប្រភពពី៖ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here