ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានចេញផ្សាយនៅថ្ងៃអង្គារនេះបានឱ្យដឹងថា ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវអន្តរជាតិចំនួន១,២៩លាននាក់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ កើនឡើង៧០៩ភាគរយពីត្រឹមតែ១៥៩.៥៤៦នាក់ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍បានលើកឡើងថា ប្រទេសថៃបានឈរនៅលើកំពូលតារាងក្នុងចំណោមការមកដល់នៃភ្ញៀវទេសចរអន្តរជាតិនៅក្នុងអំឡុងខែមករាដល់ខែមីនាឆ្នាំនេះ បន្ទាប់មកគឺវៀតណាម និងចិន។
-->
ជនជាតិថៃចំនួន៤២៤.២៤១នាក់ ជនជាតិវៀតណាមចំនួន២០៧.៥២៧នាក់ និងជនជាតិចិនចំនួន១៣២.៦៦៥នាក់បានចូលមកទស្សនាប្រទេសកម្ពុជាក្នុងអំឡុងពេលនោះ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍ថា កម្ពុជារំពឹងថានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាង៤លាននាក់នៅឆ្នាំនេះ បន្ទាប់ពីប្រទេសចិនបានបង្កើនប្រសិទ្ធភាពយុទ្ធសាស្ត្រប្រឆាំងនឹងជំងឺកូវីដ-១៩ និងបន្តដំណើរទេសចរណ៍ជាក្រុមទៅក្រៅប្រទេសកាលពីដើមឆ្នាំនេះឡើងវិញ។
លោក ថោង ខុន បានប្រាប់សារពត៌មាន Xinhua ថា “ប្រទេសចិនគឺជាទីផ្សារទេសចរណ៍ក្រៅប្រទេសដ៏សំខាន់បំផុតមួយសម្រាប់ពិភពលោក ដូច្នេះការបន្តដំណើរទេសចរណ៍ក្រៅប្រទេសឡើងវិញរបស់ប្រទេសចិនគឺមានប្រយោជន៍ខ្លាំងណាស់មិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ពិភពលោកទាំងមូលផងដែរ”។
វិស័យទេសចរណ៍គឺជាវិស័យមួយក្នុងចំណោមវិស័យទាំង៤ដែលជួយដល់សេដ្ឋកិច្ចរបស់កម្ពុជា។ ប្រទេសកម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៣គឺ ឧទ្យានបុរាណវិទ្យាអង្គរនៅភាគពាយព្យនៃខេត្តសៀមរាប ប្រាសាទព្រះវិហារនៅភាគពាយ័ព្យនៃខេត្តព្រះវិហារ និងតំបន់បុរាណវិទ្យាសំបូរព្រៃគុកនៅខេត្តកំពង់ធំ។
លើសពីនេះទៀត កម្ពុជាត្រូវបានគេស្គាល់ថា ជាប្រទេសដែលមានឆ្នេរសមុទ្រដ៏ស្រស់បំព្រងដែលលាតសន្ធឹងប្រវែង៤៥០គីឡូម៉ែត្រនៅក្នុងខេត្តភាគនិរតីចំនួន៤នៃខេត្តព្រះសីហនុ កំពត កែប និងកោះកុង៕