ការក្រុមមន្រ្តីរៀបចំឯកសារដាក់បញ្ចូលទីក្រុងបាត់ដំ​បងជាសមាជិក“បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ”

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមមន្រ្តីខេត្តបាត់ដំបង ក្រុងបាត់ដំបង  ដឹកនាំដោយលោកអ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត និងមន្រ្តីពាក់ព័ន្ឋបានចូលរួមសិក្ខាសាលាស្តីពី ការរៀបចំឯកសារដាក់បញ្ចូលទីក្រុងបាត់​​ដំបងជាសមាជិកបណ្តាញទីក្រុងដែលមានភាច្នៃប្រឌិត របស់អង្គការយូណេស្កូនៅសណ្ឋាគារប្រេស៊ីដង់បាត់ដំបង។

លោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិបការអន្តរជាតិ ក្រសួងទេសចរណ៍ និងលោក ម៉ាសាណូរី ណាហ្គាអូកា តំណាងអង្គការយូណេស្កូការិយាល័យភ្នំពេញ ដោយមានការចូលរួមពីមន្រ្តីជំនាញ ក្រសួងទេសចរណ៍ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការិយាល័យ UNESCO ភ្នំពេញ, ក្រុងបាត់ដំបង, ក្រុងកំពត, ក្រុងសៀមរាប, ក្រុងក្រចេះ, សង្គមស៊ីវិល អ្នកអនុវត្តន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងទៀត។

សិក្ខាសាលាស្តីពី ការរៀបចំឯកសារដាក់បញ្ចូលទីក្រុងបាត់ដំបងជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូត្រូវបានសហការរៀបចំដោយ៤ស្ថាប័ន ដោយមានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ ២៤ ខែឧសភា ឆ្នាំ២០២៣ ដោយមានគោលបំណងដើម្បី ១. ប្រមូលផ្តុំយោបល់/ពិគ្រោះជាមួយភាគីពាក់ព័ន្ធទាំងអស់លើឯកសាររបស់ក្រុងបាត់ដំបង។

២ដើម្បីប្រមូលធាតុចូលបន្ថែម/ការវិវឌ្ឍថ្មី ដែលត្រូវបញ្ចូលទៅក្នុងឯកសារ។ ៣ ដើម្បីកែលម្អ និងបញ្ចប់/បញ្ជូនឯកសារជាថ្មី មុនថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣។ និងទី. ដើម្បីផ្សព្វផ្សាយ UCCN ទៅកាន់ទីក្រុងសក្តានុពលផ្សេងទៀត ក្នុងប្រទេសកម្ពុជា។

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ បណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ(UCCN​) មានគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ និងក្នុងចំណោមទីក្រុងនានា ដែលបានទទួលស្គាល់ភាពច្នៃប្រឌិត ជាកត្តាយុទ្ធសាស្ត្រនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព ទាក់ទងនឹងទិដ្ឋភាពសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។

តាមរយៈការចូលរួមក្នុងបណ្តាញ ទីក្រុងនានាទទួលស្គាល់ការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការចែករំលែកការអនុវត្តល្អៗ ការអភិវឌ្ឍ ភាពជាដៃគូ ដែលលើកកម្ពស់ការច្នៃប្រឌិត និងឧស្សាហកម្មវប្បធម៌ ការពង្រឹងការចូលរួម នៅក្នុងជីវភាពវប្បធម៌ និងការរួមបញ្ចូលវប្បធម៌ ទៅក្នុងផែនការអភិវឌ្ឍន៍ទីក្រុង។ បណ្តាញប្តេជ្ញា បន្ថែមទៀតក្នុងការគាំទ្រក្របខ័ណ្ឌអង្គការសហប្រជាជាតិ ជាពិសេសរបៀបវារៈឆ្នាំ 2030 សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

បណ្តាញទីក្រុងច្នៃប្រឌិត របស់អង្គការយូណេស្កូគ្របដណ្តប់ លើវិស័យច្នៃប្រឌិតចំនួនប្រាំពីរដូចជា សិប្បកម្ម និងសិល្បៈប្រជាប្រិយ ការរចនា ភាពយន្ត អាហាររូបវិទ្យា អក្សរសាស្ត្រ សិល្បៈប្រព័ន្ធផ្សព្វផ្សាយ និងតន្ត្រី៕

LEAVE A REPLY

Please enter your comment!
Please enter your name here