ក្រសួងសេដ្ឋកិច្ចៈប្រាក់ចំណូលប្រជាជនកម្ពុជាម្នាក់នឹងកើនដល់៣០៧១ដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ២០២៦

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ របាយការណ៍បានបង្ហាញថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជា នឹងកើន២៨៩៦ដុល្លារ នៅឆ្នាំ២០២៥ដល់ចំនួន៣០៧១ដុល្លារ ក្នុងមនុស្សម្នាក់នៅឆ្នាំ២០២៦ខាងមុខ។

យោងតាមរបាយការណ៍របស់ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់​​កាលពីសប្តាហ៍មុនថា “​អត្រាកំណើនពិតនៃរសេដ្ឋកិច្ចខាងលើ​​បានធ្វើឱ្យ ផសស ថ្លៃបច្ចុប្បន្ន បន្តកើនដល់ ២០៦,៣៩៦ ប៊ី(ពាន់)​លានរៀល និង២២១,៦៦៩ ប៊ី(ពាន់)លានរៀល​ក្នុងឆ្នាំ ២០២៥ និង២០២៦រៀងគ្នា ស្របពេលដែលផសសសម្រាប់មនុស្សម្នាក់ បន្តកើនឡើងដល់ប្រមាណ២៨៩៦ ដុល្លារអាមេរិក និង៣០៧១ដុល្លារអាមេរិក។

ក្រសួងលើក​ឡើង​​ទៀត​​ថា ​​ក្នុងរយៈពេលមធ្យមខាងមុខ​(២០២៧​-២០២៨), សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថាចាប់ផ្ដើមងើប ឡើងវិញសន្សឹម​ៗ ក្នុងអត្រាកំណើនជាមធ្យមប្រមាណ៥,៦% ដោយសារការរំពឹងទុកការងើបឡើងវិញជា​បណ្តើរៗ នៃវិស័យបម្រើការនាំចេញ គួបផ្សំនឹងការកែតម្រូវជាបន្តបន្ទាប់ (Adjustment)​នៃទីផ្សារ ទាំង​ការនាំចេញរបស់កម្ពុជា​ក្នុងវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ជាពិសេសការពង្រីកទីផ្សារ​ថ្មី ក្រៅពីទីផ្សារសហរដ្ឋអាមេរិក ក៏ដូចជាការបន្សំខ្លួនបានទៅនឹងវិបត្តិ/ ផលប៉ះពាល់​នៃបណ្តាវិស័យ​សេដ្ឋកិច្ច ក៏ដូចជាអាជីវកម្មទូទៅ។

តើប្រជាជនកម្ពុជា ពិតជាមានកំណើនប្រាក់ចំណូលពិតឬទេ? សេដ្ឋវិទូកម្ពុជា លោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចកម្ពុជាប្រចាំរាជបណ្ឌិតសភាកម្ពុជា បានថ្លែងកាលពីពេលថ្មីៗនេះថា តាមពិតចំណូលប្រជាជនយើងកើនឡើងហើយ ដោយការគណនារបស់សេដ្ឋវិទូ គឺគេដូរថ្លៃទំនិញ ដែលតួលេខកន្លងមកគឺគេគណនាតាំងពីឆ្នាំ២០០០ ដែលពេលនោះប្រជាជនកម្ពុជា លក់គុយទាវមួយចាន៣៥០០រៀល តែឥលូវលក់មួយចាន១ម៉ឺនរៀល អញ្ចឹងបើប្រជាជនលក់ គុយ​ទាវមួ​យថ្ងៃបាន១០០ចានដូចគ្នា គឺពីមុនលក់បានតែ៣៥ម៉ឺនរៀល តែ​ឥលូវគុយទាវ១០០ចានដូចគ្នា លក់បាន១លានរៀលក្នុងមួយថ្ងៃ។

លោកបញ្ជាក់ថា “យើងមិននិយាយពីកំណើនទេ យើងនិយាយពី​សាច់ប្រាក់ ដូចគ្នាបើប្រជាជនធ្វើការរោងចក្រ មួយខែបាន​២០០​ដុល្លារ ក្នុងមួយឆ្នាំគាត់អាចរកចំណូល បានជិត​៣០០០ដុល្លារក្នុងមួយ​ខែទៅ​ហើយ។ នេះហើយគេហៅចំណូលមធ្យម”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here