ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យ លោក MORI MASAHIKO ប្រធានក្រុមហ៊ុន DMG MORIនៃប្រទេសជប៉ុនចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ។
ក្នុងជំនួបនេះ លោក MORI MASAHIKO បានគោរពជម្រាបជូនសម្តេចតេជោ អំពីមជ្ឈមណ្ឌលផលិតកម្មឌីជីថល កម្ពុជា–ជប៉ុន ដែលមជ្ឈមណ្ឌលនេះ មានគោលបំណង៣ ទី១ ចូលរួមជំរុញការធ្វើឌីជីថលបនីយកម្ម ឧស្សាហកម្មនៅកម្ពុជា ទី២ ចូលរួមជំរុញការអភិវឌ្ឍន៍ ធនធានមនុស្សលើវិស័យឌីជីថល ឧស្សាហកម្ម និងទី៣ ជំរុញកិច្ចសហប្រតិបត្តិការ រវាងឧស្សាហកម្ម ដែលប្រើប្រាស់ប្រព័ន្ធឌីជីថល
-->

លោក MORI MASAHIKO បាន គោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា មជ្ឈមណ្ឌលផលិតកម្ម ឌីជីថលឧស្សាហកម្មនេះ ជាគម្រោងដែលមានកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលជប៉ុន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុន DMG MORI ហើយម៉ាស៊ីនដែលយកមកកម្ពុជានៅពេលនេះគឺជាម៉ាស៊ីនដែលទំនើបបំផុតនិងជាម៉ាស៊ីនដែលចាំបាច់បំផុតសម្រាប់បម្រើឲ្យឧស្សាហកម្មនាយុគ្គសម័យឌីជីថល។
លោក MORI MASAHIKO បានបន្ថែមថា ក្រុមហ៊ុន DMG MORI នឹងនៅបន្តហ្វឹកហាត់ ដល់កម្ពុជាក្នុងការប្រើប្រាស់ ម៉ាស៊ីន និងបង្រៀនដល់និស្សិតកម្ពុជា ហើយឆ្លៀតក្នុងឱកាសនោះដែរ លោក MORI MASAHIKO ក៏បានគោរពស្នើសុំសម្ដេចតេជោមេត្តាជួយគាំទ្រលើគម្រោងនេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ព្រមទាំងបានជម្រាបជូនលោក MORI MASAHIKO ថាកម្ពុជាកំពុងជំរុញផ្នែកឌីជីថល។
កម្ពុជាមានគោលដៅ២សម្រាប់វិស័យឧស្សាហកម្មទី១ជំរុញការវិនិយោគលើវិស័យឧស្សាហកម្មបម្រើឲ្យការកែច្នៃវត្ថុធាតុដើមដែលមានស្រាប់សម្រាប់ការនាំចេញ។ទី២ទាក់ទាញបច្ចេកវិទ្យាថ្មីៗមកផលិតនៅកម្ពុជា។
ចំពោះសំណើរបស់លោក MORI MASAHIKO សុំការគាំទ្រពីសម្ដេចនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចមិនត្រឹមតែគាំទ្រទេ ថែមទាំងបានស្នើសុំឲ្យ ក្រុមហ៊ុន DMG MORI និងរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន បន្តជួយកម្ពុជាថែមទៀត ដើម្បីធ្វើឲ្យកម្ពុជា អាចឈានឆ្ពោះទៅមុខលើវិស័យឌីជីថលនេះ៕