មហាយក្សចិន គ្រោងសាងសង់តំបន់ប្រមូលផ្តុំឧស្សាហកម្មជឿនលឿនលំដាប់ថ្នាក់ពិភពលោក Jing-Jin-Ji

0

ដោយ៖ សុខុម

ប៉េកាំងៈ ប្រទេសចិន គ្រោងសាងសង់តំបន់ប្រមូលផ្តុំឧស្សាហកម្ម (Industrial Clusters) ជឿនលៀនលំដាប់ថ្នាក់ពិភពលោកក្នុងតំបន់ប៉េកាំង-ធានជីន-ហឺប៉ី (Beijing-Tianjin-Hebei Region) ដែលផ្តោតលើការផលិតផលដូចជារថយន្តអគ្គិសនី និងមនុស្សយន្តជាដើមដើម្បីក្លាយជាអ្នកឈានមុខគេនៅក្នុងការប្រកួតប្រជែងលើពិភពលោក។

នៅពេលភាពតានតឹងបានកើនឡើងកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក មេដឹកនាំចិន បានសន្យាថានឹងកសាងប្រព័ន្ធឧស្សាហកម្មដ៏ទំនើបមួយ និងសម្រេចឱ្យបាននូវរបកគំហើញថ្មីៗផ្នែកបច្ចេកវិទ្យាដើម្បីឈ្នះ “គំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រនេះ”។

ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិន បានព្យាយាមធ្វើសមាហរណកម្មសេដ្ឋកិច្ចនៃក្រុងប៉េកាំង ក្រុងធានជីន (Tianjin) និងខេត្តហឺប៉ី (Hebei) ឱ្យឈ្មោះថា Jing-Jin-Ji ដែលអាចកាត់បន្ថយគម្លាតប្រាក់ចំណូលក្នុងតំបន់នេះ និងទប់ស្កាត់ការបំពុលបរិស្ថានផងដែរ។

ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាននៃប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ ទី២៣ ខែឧសភា ថា “ដោយប្រឈមមុខនឹងស្ថានភាពថ្មី ភារកិច្ចថ្មី និងលក្ខខណ្ឌតម្រូវថ្មីៗ ក្នុងនាមជាតំបន់ខ្ពង់រាបអភិវឌ្ឍន៍ឧស្សាហកម្មដ៏សំខាន់នៅក្នុងប្រទេសចិន ភារកិច្ចនៃការលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មនៅតំបន់ក្រុងប៉េកាំង-ធានជីន-ហឺប៉ី គឺកាន់តែបន្ទាន់ថែមទៀត”។

ក្រសួងនេះនិយាយថា ការអភិវឌ្ឍក្នុងតំបន់នេះនឹងផ្តោតលើវិស័យដូចជាសៀគ្វីរួមបញ្ចូលគ្នា (Integrated Circuits)  សុវត្ថិភាពបណ្តាញ និងឧបករណ៍ថាមពល និងឧស្សាហកម្មជីវឱសថ។

ក្រសួងនិយាយទៀតថា ខ្លួនក៏នឹងអភិវឌ្ឍឧស្សាហកម្មក្នុងផ្នែករថយន្តថាមពលថ្មី យានយន្តឆ្លាតវៃ ជីវវេជ្ជសាស្ត្រ ថាមពលអ៊ីដ្រូសែន មនុស្សយន្ត ក៏ដូចជាការស្រាវជ្រាវលើបញ្ញាសិប្បនិម្មិត (AI) វិទ្យាសាស្ត្រជីវិត និងបច្ចេកវិទ្យាអវកាសជាដើមផងដែរ។

ទោះជាយ៉ាងណា គ្មានការបញ្ជាក់អំពីទុនវិនិយោគ និងកាលបរិច្ឆេទនៃការចាប់ផ្ដើមសាងសង់ ព្រមទាំងការបញ្ចប់ការសាងសង់ជាស្ថាពរនៅឡើយទេ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here