Hattha top Banner

ប្រទេសកម្ពុជា និងស្វីស ចុះអនុស្សរណៈយោគយល់គ្នា លើសេវាដឹកជញ្ជូនតាមផ្លូវអាកាស

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា និងការិយាល័យសហព័ន្ធអាកាសចរណ៍ស៊ីវិលនៃប្រទេសស្វីស បានចុះកិច្ចសហប្រតិបត្តិការលើសេវាដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ។

MoU ត្រូវបានចុះហត្ថលេខានៅទីក្រុង Zurich ប្រទេសស្វីសកាលពីថ្ងៃទី២៣ ខែឧសភា ដោយលោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងលោកស្រី Francine Zimmermann អគ្គនាយកនៃការិយាល័យសហព័ន្ធអាកាសចរណ៍ស៊ីវិលរបស់ប្រទេសស្វីស។

លោក ស៊ិន ច័ន្ទសេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេ​ខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ថា ការចុះ MOU នេះធ្វើឡើងបន្ថែមលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខា និងចូលជាធរមានកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០០៧ ក្នុងគោលបំណងចូលរួមចំណែកក្នុងការសម្រេចបាននៃគោលបំណងផ្សព្វផ្សាយដើម្បីបង្កើតការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ។

អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងជួយឱ្យក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរដំណើរការ និងប្រើប្រាស់សិទ្ធិទី៥ ដែលជាសិទ្ធិចុះចត និងដាក់អ្នកដំណើរបន្ថែមនៅក្នុងប្រទេសទី៣ មុនពេលមកដល់កម្ពុជា ដោយសារតម្រូវការអ្នកដំណើរតាមផ្លូវអាកាសលើជើងហោះហើរត្រង់រវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ។

នៅក្នុងឱកាសនោះ លោក ម៉ៅ ហាវណ្ណាល់ បានស្នើឱ្យភាគីស្វីសជួយជំរុញការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើរការនៅដើមឆ្នាំ២០២៥ខាងមុខ។

លោក Charles Vann តំណាងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានចូលរួមក្នុងពិធីចុះហត្ថលេខានេះ បានធ្វើបទបង្ហាញដល់ភាគីស្វីស ជាពិសេសដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ SWISS ដើម្បីស្វែងយល់អំពីដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ និងបានពិភាក្សាអំពីលទ្ធភាពនៃការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរនៅដើមឆ្នាំ២០២៥។

កម្ពុជារំពឹងយ៉ាងមុតមាំថា នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើរការនៅដើមឆ្នាំ២០២៥ ជើងហោះហើរថ្មីរវាងប្រទេសទាំងពីរ និងពីប្រទេសជាមិត្តដទៃទៀតនឹងមានតម្លៃកាន់តែសមរម្យបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here