សិង្ហបុរី រក្សាការព្យាករកំណើន GDP ក្នុងរង្វង់ចន្លោះពី០,៥%ទៅ២,៥%សម្រាប់ឆ្នាំ២០២៣

0

ដោយ៖ សុខុម

សិង្ហបុរី: ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) នៃប្រទេសសិង្ហបុរី បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា នេះថា ប្រទេសនេះបានរក្សាការព្យាករកំណើនផលទុនជាតិសរុប (GDP) របស់ខ្លួនសម្រាប់ឆ្នាំ២០២៣ ក្នុងរង្វង់ចន្លោះ០,៥%ទៅ២,៥%។

ការរក្សាការព្យាករនេះធ្វើឡើង ក្រោយពីទិន្នន័យបង្ហាញពីកំណើនសេដ្ឋកិច្ចក្នុងរង្វង់០,៤%ចន្លោះពីខែមករា ដល់ខែមីនា ដើមឆ្នាំ២០២៣ ដែលធ្លាក់ចុះខ្លាំងបើធៀបនឹងកំណើន២,១%ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២២។

លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកផ្នែកគោលនយោបាយនៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) លោក Gabriel Lim បានលើកឡើងថា កំណើនទាបក្នុងរយៈពេល៣ខែដើមឆ្នាំនេះគឺដោយសារការធ្លាក់ចុះក្នុងវិស័យផលិតកម្ម ពាណិជ្ជកម្មលក់បោះដុំ និងហិរញ្ញវត្ថុ ព្រមទាំងការធានារ៉ាប់រង ស្របពេលសេដ្ឋកិច្ចពិភពលោកចុះខ្សោយ និងតម្រូវការគ្រឿងអេឡិចត្រូនិចធ្លាក់ចុះ។

សេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះ០,៤%ក្នុងត្រីមាសទី១ បើធៀបនឹងកំណើន០,១%ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២២។

លោក Yong Yik Wei ប្រធានអ្នកជំនាញសេដ្ឋកិច្ចនៃក្រសួងខាងលើនេះនិយាយថា ក្រសួងរំពឹងថា ប្រទេសសិង្ហបុរី នឹងមិនធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជាលក្ខណៈបច្ចេកទេស (Technical Recession) នោះឡើយ។ វិបត្តិសេដ្ឋកិច្ចជាលក្ខណៈបច្ចេកទេសត្រូវបានកំណត់ដោយអ្នកសេដ្ឋកិច្ចថា ជាការធ្លាក់ចុះ២ត្រីមាសជាប់ៗគ្នា៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here