ក្រុមហ៊ុនអាកាសចរណ៍Vietnam Airlines គ្រោងបើកជើងហោះហើរតភ្ជាប់កម្ពុជា វៀតណាម និងឡាវ ឡើងវិញ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines គ្រោងនឹងចាប់ផ្តើមជើងហោះហើររបស់ខ្លួនឡើងវិញដោយតភ្ជាប់ទីក្រុងធំៗចំនួន៣ដូចជា ហាណូយ ហ្លួងប្រាបាង និងសៀមរាប ដោយចាប់ផ្តើមនៅខែកក្កដាខាងមុខនេះ។

យោងតាមសារពត៌មាន VNExpress បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines នឹងដំណើរការជើងហោះហើរចំនួន៣ដងក្នុងមួយសប្តាហ៍នៅថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ហើយជើងហោះហើរនេះនឹងកើនឡើងដល់៥ដងក្នុងមួយសប្តាហ៍នៅចុងខែតុលាឆ្នាំ២០២៣នេះ។

ទោះជាយ៉ាងនេះក្តី ជើងហោះហើរនេះត្រូវបានគេរំពឹងថា នឹងជួយជំរុញការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ក្នុងតំបន់ ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសវៀតណាម ឡាវ និងកម្ពុជា។

ក្រុមហ៊ុន Vietnam Airlines ក៏ដំណើរការជើងហោះហើរចំនួន៧ដង ក្នុងមួយសប្តាហ៍នៅលើផ្លូវមួយ ដែលតភ្ជាប់ទីក្រុងហាណូយ ទីក្រុងវៀងចន្ទន៍ ទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញភាគខាងត្បូងនៃប្រទេសវៀតណាមផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍នេះបានចាប់ផ្តើមបើកជើងហោះហើរទៅកាន់ខេត្តសៀមរាបក្នុងឆ្នាំ២០០០ និងបើកទៅកាន់ទីក្រុងហ្លួងព្រះបាងក្នុងឆ្នាំ២០០៦ ហើយនៅឆ្នាំ២០១៩ ក្រុមហ៊ុននេះបានដឹកជញ្ជូនអ្នកដំណើរជិត៤០០.០០០នាក់រវាងប្រទេសវៀតណាម ឡាវ និងកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here