ក្រុមហ៊ុនកូរ៉េចំនួន៥ បង្ហាញចំណាប់អារម្មណ៍វិនិយោគលើអចលនទ្រព្យឧស្សាហកម្ម និងរថយន្តអគ្គិសនីនៅប្រទេសថៃ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមអាជ្ញាធរឧស្សាហកម្មនៃប្រទេសថៃ (IEAT) បានឱ្យដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន៥គ្រោងចាប់ផ្តើមគម្រោងវិនិយោគថ្មីនៅក្នុងប្រទេសថៃ រាប់ចាប់ពីអាជីវកម្មរថយន្តអគ្គិសនី (EV) រហូតដល់ការសាងសង់អចលនទ្រព្យឧស្សាហកម្មថ្មីមួយ។

លោក Veeris Ammarapala ទេសាភិបាលនៃអាជ្ញាធរ IEAT បានលើកឡើង បន្ទាប់ពីពិភាក្សាជាមួយក្រុមនាយកប្រតិបត្តិក្នុងអំឡុងពេលនៃកម្មវិធីបង្ហាញផ្លូវនាពេលថ្មីៗនេះនៅក្នុងប្រទេសកូរ៉េខាងត្បូងថា ក្រុមវិនិយោគិនកូរ៉េអាចនឹងបែងចែកប្រាក់ប្រហែល២០១,៥៥លានបាតសម្រាប់គម្រោងទាំងនេះ។

លោក​បាន​បន្ត​ថា​ “ក្រុមហ៊ុន​កូរ៉េចំនួន ៤ ចាប់​អារម្មណ៍​វិនិយោគលើ​រថយន្តអគ្គិសនី EV និងគ្រឿង​អេឡិចត្រូនិក​សម្រាប់​រថយន្ត ឬ​ឧបករណ៍​ពេទ្យ ហើយតម្លៃសម្រាប់អភិវឌ្ឍគម្រោងទាំងនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួន២ពាន់លានបាត”។

ចំណែកឯ ក្រុមហ៊ុនកូរ៉េមួយទៀតចង់បង្កើតការបណ្តាក់ទុនរួមគ្នាជាមួយអាជ្ញាធរឧស្សាហកម្មនៃប្រទេសថៃ (IEAT) ដើម្បីសាងសង់អចលនទ្រព្យបែបឧស្សាហកម្មថ្មីមួយដែលនឹងត្រូវការទឹកប្រាក់ចំនួន៥ពាន់លានបាតសម្រាប់ការអភិវឌ្ឍ។

ក្រុមហ៊ុនកូរ៉េខាងត្បូងភាគច្រើនចង់វិនិយោគនៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ខណៈរដ្ឋាភិបាលថៃគ្រោងប្រែក្លាយច្រករបៀងនេះ ដែលគ្របដណ្តប់ផ្នែកខ្លះនៃខេត្ត Chon Buri ខេត្ត Rayong និងខេត្ត Chachoengsao ទៅជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here