ដោយៈគង់ សូរិយា
ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែតបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត កាលពីថ្ងៃទី២៨ ឧសភា បានជួបជាមួយថ្នាក់ដឹកនាំសមាជិក ផែនសហគ្រិនវ័យក្មេងជាង៣៤០០នាក់ នៅវិមាន៧មករា។
លោកបណ្ឌិតហ៊ុន ម៉ាណែតបានថ្លែងនូវចំណុចសំខាន់ៗជាចច្រើនរួមមាន ទី១ ឱកាសរបស់យុវជនបច្ចុប្បន្ន ដែលកំពុងរស់នៅប្រកបដោយសេចក្តីសុខ និងបានសិក្សារៀនសូត្រអភិវឌ្ឍសមត្ថភាព ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងសិទ្ធសេរីភាពគ្រប់បែបយ៉ាង គឺកើតឡើងដោយសារការលះបង់ និងវីរភាពរបស់យុវជនជំនាន់មុន ហើយក៏ជាថ្នាក់ដឹកនាំបច្ចុប្បន្នផងដែរ។
-->

លោកបញ្ជាក់ថា “យុវជនជំនាន់មុន គឺជាជំនាន់យុវជនដែលបានបាត់ឱកាសដោយសារប្រទេស ធ្លាក់ចូលទៅក្នុងសង្គ្រាមបែកបាក់ និងមានហានិភ័យដល់អាយុជីវិតគ្រប់ពេលវេលា ក៏ប៉ុន្តែជាយុវជនជំនាន់គំរូប្រកបដោយលក្ខណៈសម្បត្តិ ៣យ៉ាង គឺក្តីសង្ឃឹម គឺមិនអង្គុយបន់ព្រះរង់ចាំសេចក្តីស្លាប់ ពីរបបប៉ុលពតឡើយ។ មានការតស៊ូជម្នះរាល់ឧបសគ្គ ដើម្បីបុព្វហេតុជាតិ និងប្រជាជន និងមានចក្ខុវិស័យដឹកនាំច្បាស់លាស់ ក្នុងការរំដោះប្រទេសជាតិ ស្តារកសាងជាតិ, ការពារជាតិ និងអភិវឌ្ឍជាតិ។

ទី២ ដូច្នេះក្នុងនាមជាយុវជន ដែលកំពុងរស់ក្នុងសម័យតេជោសន្តិភាព យើងទាំងអស់គ្នាចាំបាច់ ត្រូវមើលគំរូវីរភាពរបស់យុវជនជំនាន់មុន ដោយផ្សារភ្ជាប់នឹងតថភាពបច្ចុប្បន្ន និងគោលដៅទៅអនាគត និងមិនភ្លេចសោះឡើយនូវអតីតកាល ដ៏សែនជូរចត់វេទនាដោយសារ សង្គ្រាម និងជម្លោះបែកបាក់។ ក្នុងន័យនេះ, យើងទាំងអស់គ្នាចងចាំជានិច្ចនូវគុណបំណាច់ នៃពលិកម្មដ៏ធំធេងរបស់យុវជនជំនាន់មុន ហើយប្តេជ្ញាបន្តស្មារតី និងសកម្មភាពដ៏ពិសិដ្ឋនេះជារៀងដរាប។

ទី៣. ក្នុងវិស័យធុរកិច្ច, វិស័យឯកជន រួមទាំងសហគ្រិនវ័យក្មេង គឺសរសៃឈាមនៃចរន្តសេដ្ឋកិច្ចជាតិ។ ពិតណាស់, កំណើនសេដ្ឋកិច្ចអាចមានឡើងចុះ ប៉ុន្តែអ្វីដែលសំខាន់គឺនិរន្តរភាពនៃសុខសន្តិភាព, ស្ថិរភាព និងសិទ្ធិសេរីភាព ដែលចាំបាច់ត្រូវថែរក្សាឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។ រាជរដ្ឋាភិបាល គឺជាអ្នកដើរតួនាទីស្នូលក្នុងការបង្កលក្ខណៈ តាមរយៈការការពារនូវបរិស្ថានគ្រប់ដណ្តប់ដ៏ចាំបាច់នេះ ប៉ុន្តែយ៉ាងណាក៏ដោយ យើងជាយុវជនក៏ត្រូវចូលរួមចំណែកអនុវត្តតួនាទីរៀងខ្លួនៗ និងគាំទ្រដល់បុព្វហេតុរួមមួយនេះ ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនយើង។

ទី៤ ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល, សូមថ្លែងអំណរគុណដល់បងប្អូនសមាជិកសហគ្រិនវ័យក្មេងទាំងអស់ ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសុឆន្ទៈ និងភ្ជាប់ជាមួយនឹងការអាណិត, ស្រលាញ់ និងជឿជាក់លើថ្នាក់ដឹកនាំ និងគណបក្ស ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍ និងវិបុលភាព។

ដើម្បីឈានទៅសម្រេចបាននូវគោលដៅរួមនេះ, ក្នុងនាមជាយុវជនរបស់គណបក្ស និងយុវជនសម័យតេជោសន្តិភាព, យើងគប្បីប្តេជ្ញាថែរក្សាអ្វីដែលកំពុងមាន ពីព្រោះយើងបានដឹងហើយថា យុវជនជំនាន់តស៊ូ បានបង្កើតឱកាសគ្រប់យ៉ាងឱ្យយើងដូចថ្ងៃនេះ។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សា និងការពារសមិទ្ធផលទាំងកុំឱ្យបាត់បង់ ព្រមទាំងជំរុញសមិទ្ធផលវិជ្ជមានឱ្យច្រើនឡើងបន្ថែមទៀត។

ទី៥ សមិទ្ធផលធំដែលគណបក្សប្រជាជនកម្ពុជា បានកសាងសម្រាប់ជាតិ និងប្រជាជន គឺការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃដែលបានអូសបន្លាយជាង៥០០ឆ្នាំក្នុងដានប្រវត្តិសាស្ត្រ, ការសង្គ្រោះជីវិតប្រជាជនពីរណ្តៅមរណៈ នៃរបបប្រល័យពូជសាសន៍ប៉ុលពត ជាពិសេសការសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី នៅក្រោមរាជរដ្ឋាភិបាលតែមួយ និងរដ្ឋធម្មនុញ្ញ តាមរយៈ “នយោបាយឈ្នះ-ឈ្នះ” ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិ ដោយធានាបាននូវស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច រហូតជីវភាពប្រជាជនមានការរីកចម្រើនសម្បូរសប្បាយ ព្រមជាមួយនឹងទស្សនវិស័យ ក្នុងការក្លាយទៅជាប្រទេសមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។

ជាមួយគ្នានេះ លោកគ្រូធំបណ្ឌិតអោម សេងបូរ៉ាប្រធានផែនសហគ្រិនវ័យក្មេង នៃក្រុមយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញបានលើកឡើងពីប្រវត្តិ នៃការបង្កើតផែនសហគ្រិនវ័យក្មេង។
ដែលតម្រូវឱ្យមានផែនសហគ្រិនវ័យក្មេងនៃក្រុមការងារយុវជន
ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិក គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានផ្ដោត ការយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំរចនាសម្ព័ន្ធកសាងកម្លាំងយុវជនគ្រប់ថ្នាក់ គ្រប់ផ្នែកដែលប្រមូលផ្តុំទៅដោយ បញ្ញវន្ត អ្នកមានសមត្ថភាព និងមនុស្សពូកែៗ ឱ្យរួមដំណើរក្នុងការងារ បម្រើជាតិមាតុភូមិ ប្រកបដោយភាពជឿជាក់ និងរឹងមាំយូរអង្វែង។ ជាក់ស្ដែងក្នុងការប្រមូលផ្ដុំកម្លាំងសហគ្រិនឱ្យកាន់តែច្រើន គណបក្សប្រជាជនកម្ពុជាបានរៀប ចំឱ្យមានរចនាសម្ព័នដឹកនាំ ផ្នែកសហគ្រិនវ័យក្មេងនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដែលមាន ឯកឧត្តម គីម សុភៈ ជាប្រធាន។ ការរៀបចំឱ្យមានផែនសហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនគណបក្សប្រជាជន កម្ពុជារាជធានីភ្នំពេញដែលមាន រូបខ្ញុំ ជាប្រធាន។ ក្នុងនោះដែរផែនសហគ្រិនវ័យក្មេងគឺជាផែនចំណុះឱ្យក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញដោយមាន ឯកឧត្តម នួន ផារ័ត្ន ជាប្រធាន ស្ថិតក្រោមការដឹកនាំដ៏ ឆ្លាតវៃរបស់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

លោកបណ្ឌិតបន្តថា ផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញមានទស្សនវិស័យ” ចង់ឃើញកម្ពុជា ក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស “ដែលគាំទ្រទៅនឹងគោលដៅ និងគោលនយោបាយរបស់ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ចង់ឱ្យកម្ពុជាមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសអ្នកមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ដើម្បីសម្រេចបាននូវទស្សនវិស័យនេះ៖ ផែនសហគ្រិនវ័យក្មេងនៃក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានបេសកកម្ម “កសាងកម្លាំងទ័ពសេដ្ឋកិច្ច ដើម្បីកម្ពុជា តាមរយៈការប្រមូលផ្តុំកម្លាំងសហគ្រិនវ័យក្មេង ឱ្យចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងគោល បំណងចូលរួមចំណែកកសាងការពារសុខសន្តិភាព និងជាយន្តការដ៏សំខាន់ ក្នុងការជួយកសាងសមត្ថភាព និងដោះ ស្រាយបញ្ហារបស់សហគ្រិនលើគ្រប់វិស័យ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិមានភាពរឹងមាំ និងរីកចម្រើនបានឆាប់រហ័ស”។

លោកបណ្ឌិតអោម សេងបូរ៉ាបានបន្តថា ជាទូទៅ សហគ្រិនឬម្ចាស់អាជីវកម្ម មិនងាយប្រថុយ ចូលជាសមាជិកគណបក្សណាមួយទេ ហើយបើពួកគាត់បានចូលជាសមាជិក របស់គណបក្សណាមួយហើយ ក៏ពួកគាត់ មិនសូវហ៊ានពាក់អាវបក្សជាចំហរដែរ ព្រោះខ្លាចប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួន ផ្ទុយទៅវិញប្រសិនបើសហគ្រិនឬ ម្ចាស់អាជីវកម្មជាច្រើន បានសម្រេចចិត្តចូលរួមជាសមាជិករបស់បក្ស ហើយហ៊ានពាក់អាវបក្សជាចំហរ នោះពួកគាត់ នឹងក្លាយជាកម្លាំងអូសទាញដ៏មានប្រសិទ្ធភាព ដល់ប្រជាពលរដ្ឋទូទៅឱ្យចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យ កាន់តែរឹងមាំខ្លាំងក្លាដែលនេះ នឹងជួយគាំទ្រដល់គោលនយោបាយឈ្នះៗ ដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការរក្សាស្ថេរភាពនយោបាយ សុខសន្តិភាព និងការអភិវឌ្ឍ។

លោកបញ្ជាក់ថា “សហគ្រិនម្នាក់មិនមែនមានឥទ្ធិពល លើការបោះឆ្នោតតែ១សម្លេងនោះទេ គឺពួកគាត់មានឥទ្ធិពលលើការបោះឆ្នោតច្រើនសម្លេង ដោយសារពួកគាត់គឺ ជាបុគ្គលដែលមានឥទ្ធិពលសេដ្ឋកិច្ចលើបុគ្គលិក អតិថិជន ដៃគូ គ្រួសារ សាច់ញាតិ នឹងមិត្តភក្តិរបស់ពួកគាត់”៕
