ក្រុមហ៊ុនចំនួន២បោះទុនដល់ទៅ៤០០០លានដុល្លារដើម្បីផលិតថ្មអាគុយរថយន្តអគ្គិសនីនៅអាមេរិក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai Motor Group និងក្រុមហ៊ុន LG Energy Solution Ltd គ្រោងសាងសង់រោងចក្រថ្មអាគុយរថយន្តអគ្គីសនី (EV) តម្លៃ៤,៣ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក ស្របពេលមានការជំរុញឱ្យទាញយកអត្ថប្រយោជន៍ពីឥណទានពន្ធ។

ក្រុមហ៊ុនផលិតត្រូវតែប្រកាន់ខ្ជាប់នូវតម្រូវការប្រភពថ្មីរបស់សហរដ្ឋអាមេរិកសម្រាប់សមាសធាតុផ្សំផលិតថ្មអាគុយ EV និងសារធាតុរ៉ែសំខាន់ៗ ដូច្នេះអ្នកទិញយានយន្តរបស់ពួកគេអាចមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលឥណទានពន្ធរហូតដល់៧.៥០០ដុល្លារក្រោមច្បាប់កាត់បន្ថយអតិផរណា (IRA)របស់អាមេរិក។

ក្រុមហ៊ុន Hyundai និង LGES បានអះអាងថា ការសាងសង់រោងចក្រនៅក្នុងរដ្ឋ Georgia នឹងចាប់ផ្តើមនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៣នេះ ខណៈការផលិតថ្មអាគុយនឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២៥។

ក្រុមហ៊ុនទាំង២ខាងលើបានឱ្យដឹងទៀតថា រោងចក្រនេះនឹងមានសមត្ថភាពផលិតថាមពលប្រចាំឆ្នាំ៣០ជីហ្គាវ៉ាត់ម៉ោង (GWh) គ្រប់គ្រាន់សម្រាប់រថយន្តអគ្គិសនីចំនួន៣០០.០០០គ្រឿង EVs ។

នាយកប្រតិបត្តិក្រុមហ៊ុន LGES លោក Youngsoo Kwon បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្នកដឹកនាំខ្លាំងពីរនាក់នៅក្នុងឧស្សាហកម្មរថយន្ត និងថ្មអាគុយបានចាប់ដៃគ្នា ហើយយើងរួមគ្នាត្រៀមខ្លួនជាស្រេចដើម្បីជំរុញដំណើរការនៃការផ្លាស់ប្តូរ EV នៅអាមេរិក”។

លើសពីនេះ កាលពីខែមេសាកន្លងទៅ ក្រុមហ៊ុន Hyundai Motor សម្រេចបាននូវការបណ្តាក់ទុនរួមគ្នាលើថ្មអាគុយ EV តម្លៃ៥ពាន់លានដុល្លារនៅសហរដ្ឋអាមេរិកជាមួយក្រុមហ៊ុន SK On ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SK Innovation Co Ltd៕

LEAVE A REPLY

Please enter your comment!
Please enter your name here