UN កោតសរសើរកម្ពុជា យ៉ាងខ្លាំងចំពោះការចូលរួមចំណែកយ៉ាងធំធេងក្នុងប្រតិបត្តិការរក្សាសន្តិភាព

0

ដោយ៖ សុខុម

កំពង់ស្ពឺ: មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ (UN) មួយរូបនៅថ្ងៃច័ន្ទ ទី២៩ ខែឧសភា នេះបានកោតសរសើរកម្ពុជា យ៉ាងខ្លាំងចំពោះការចូលរួមចំណែកយ៉ាងធំធេងរបស់កម្ពុជា ក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

លោក Joseph Scheuer មន្ត្រីសម្របសម្រួលរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានថ្លែងក្នុងទិវាអន្តរជាតិនៃកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (International Day of UN Peacekeepers) ដែលប្រារព្ធឡើងនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (PKO) នៅខេត្តកំពង់ស្ពឺ ថា “ខ្ញុំពិតជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពលរដ្ឋខ្មែរ ទាំងបុរស និងស្ត្រីដែលសម្រេចចិត្តចូលរួមជាមួយកងកម្លាំងមួកខៀវ”។

លោកបានបន្ថែមថា “កងកម្លាំងរក្សាសន្តិភាពដែលធ្វើការជាដៃគូសហការជាមួយប្រទេសជាសមាជិក អង្គការសង្គមស៊ីវិល និងសហគមន៍នានាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងគួរឱ្យគោរពកោតសរសើរ ដើម្បីលើកកម្ពស់ជីវិតមនុស្សរាប់លាននាក់”។

លោក Joseph Scheuer បានបន្តថា លោកពិតជារំភើបចិត្តយ៉ាងខ្លាំងចំពោះស្ត្រីដែលចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយលើកឡើងថា ការចូលរួមរបស់ស្ត្រីកាន់តែច្រើនក្នុងកិច្ចការរក្សាសន្តិភាពធ្វើឱ្យការរក្សាសន្តិភាពកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា មានប្រសាសន៍ថា កម្ពុជា ពិតជាមានមោទកភាពដែលបានបញ្ជូនទាហានមួកខៀវទៅរក្សាសន្តិភាពនៅក្នុងប្រទេស ដែលហែកហួរដោយសង្គ្រាមក្រោមឆត្រអង្គការសហប្រជាជាតិ។

កម្ពុជា បានបញ្ជូនកងទ័ពទៅក្រៅប្រទេសជាលើកដំបូងក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០០៦។ កម្ពុជា បានបញ្ជូនកងរក្សាសន្តិភាពសរុបចំនួន៨.៩៥១នាក់ ក្នុងនោះមានស្ត្រីចំនួន៦៩២នាក់ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសឆាដ សាធារណរដ្ឋអាហ្វ្រិកកណ្តាល ប្រទេសលីបង់ ប្រទេសស៊ីប ប្រទេសស៊ីរី ប្រទេសម៉ាលី និងប្រទេសយេម៉ែន៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here