ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចផ្តល់វិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រចំនួន៣បន្ថែមទៀត ក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ ១៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ៣.២៣៥កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៩ ខែឧសភានេះ បានសម្រេចចុះបញ្ជីផ្លូវការសម្រាប់ក្រុមហ៊ុនវិនិយោគចំនួន៣ រួមមានដូចជា៖
ទី១គឺ- ក្រុមហ៊ុន BOLITO GARMENT CO., LTD ដែលក្រុមហ៊ុននេះមានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ហើយមានទីតាំងស្ថិតនៅផ្លូវលំ ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រហែល៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣៣៦កន្លែង។
ទី២គឺ- ក្រុមហ៊ុន XIN LI AN SHOES CO., LTD ដោយក្រុមហ៊ុននេះមានគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង និងមានទីតាំងស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៦៨កន្លែង។
ទី៣គឺ- ក្រុមហ៊ុន NEW HM KNITTING CLOTHING (CAMBODIA) CO., LTD មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រហែល៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤៣១កន្លែងផងដែរ៕