ដោយ៖ សុខុម
វៀងចន្ទន៍: អគ្គិសនីឡាវ (EdL) និងក្រុមហ៊ុន TNB Power Generation Sdn Bhd (TNB Genco) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនដើម្បីស្វែងរកកិច្ចសហការក្នុងការវិនិយោគលើគម្រោងថាមពលកកើតឡើងវិញនៅក្នុងប្រទេសឡាវ។
MoU នេះគឺជាជំហានចុងក្រោយក្នុងប្រវត្តិសាស្ត្រដ៏យូរលង់រវាងវិស័យថាមពលនៃប្រទេសឡាវ និងប្រទេសម៉ាឡេស៊ី រួមទាំងពាណិជ្ជកម្មថាមពលឆ្លងព្រំដែនលើកដំបូងក្នុងតំបន់អាស៊ាន ក្រោមគម្រោងសមាហរណកម្មថាមពលឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហបុរី (LTMS-PIP) ផងដែរ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៩ ខែឧសភា។
-->
ផ្អែកតាមស្មារតីនៃ MoU ខាងលើនេះ ប្រទេសទាំងពីរនឹងស្វែងរកឱកាសពាណិជ្ជកម្ម និងឱកាសវិនិយោគបន្ថែមទៀតក្នុងវិស័យនេះ។

អំឡុងពិធីចុះ MoU នេះ លោក ចន្ថាប៊ូម ស៊ូកាឡុម (Chanthaboum Soukalom) នាយកគ្រប់គ្រងនៃអគ្គិសនីឡាវ EDL បានថ្លែងថា MoU នេះឆ្លុះបញ្ចាំងឱ្យឃើញថា ពាណិជ្ជកម្មថាមពលអាចធ្វើទៅបាននៅក្នុងតំបន់ និងជាជំហានឆ្ពោះទៅរកការសម្រេចបាននូវបណ្តាញថាមពលអាស៊ាន (APG)។
លោកបានធ្វើការកត់សម្គាល់ថា ទោះបីជាឡាវ ត្រូវគេស្គាល់ថាជាប្រទេសដែលសម្បូរដោយថាមពលវារីអគ្គិសនីនៅក្នុងតំបន់យ៉ាងណាក្ដី ក៏ប្រទេសនេះនៅតែមានសក្តានុពលក្នុងការស្វែងរកប្រភពថាមពលស្អាតផ្សេងៗទៀត ខណៈប្រទេសនេះព្យាយាមដឹកនាំតំបន់ក្នុងការផលិតថាមពលស្អាត។
គម្រោងសមាហរណកម្មថាមពលឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហបុរី ត្រូវបានបង្កើតឡើងដើម្បីនាំចូលថាមពលវារីអគ្គិសនីកម្លាំង១០០មេហ្គាវ៉ាត់ (MW) ពីប្រទេសឡាវ ទៅកាន់សិង្ហបុរី តាមរយៈប្រទេសថៃ និងម៉ាឡេស៊ី ដោយប្រើការតភ្ជាប់អន្តរកម្មដែលមានស្រាប់៕ Laotian Times៕