NEAនឹងនាំយកឱកាសការងារដល់យុវជននៅចំនួន១៥,០០០នាក់នៅខេត្តចំនួន៤

0

ដោយៈ គង់ ហ្វីអូណា

ភ្នំពេញៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងនាំយកឱកាសការងារសរុបប្រមាណ១.៥ ម៉ឺនកន្លែង ពីក្រុមហ៊ុនជាច្រើនដល់យុវជននៅតាមបណ្តាខេត្តសំខាន់ៗចំនួន៤។

ឱកាសការងារក្នុងវិស័យសំខាន់ៗ មានដូចជា សេវាកម្ម ឧស្សា​ហកម្ម និងកសិកម្ម ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាទស្សនកិច្ចការងារស្តីពី “ឱកាស ការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ”ក្នុងខេត្តគោលដៅចំនួន៤ដូចជា៖

•ខេត្តបាត់ដំបង ៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅសាលមហោស្រពស្ទឹងសង្កែ។

•ខេត្តសៀមរាប ៖ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យបៀលប្រាយ។

•ខេត្តកំពង់ធំ ៖ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យឯកទេស នៃកម្ពុជា ។

•ខេត្តកំពង់ចាម ៖ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅអគារសហភាពសហព័ន្ធ យុវជនកម្ពុជា។

វេទិកាទស្សនកិច្ចការងារនេះ មានគោលបំណងនាំយកឱកាសការងារ កម្មសិក្សាការងាររាប់ម៉ឺនកន្លែង និងព័ត៌មានវគ្គបណ្តុះបណ្តាលជំនាញជូនដល់អ្នកស្វែងរកការងារ យុវជន សិស្ស-និស្សិត និងសាធារណជន ព្រមទាំងផ្តល់ឱកាសជូននិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម បានជួបដើម្បីធ្វើការសម្ភាសន៍ជាមួយអ្នកស្វែងរកការងារ។

ស្របពេលជាមួយគ្នា វេទិកានេះក៏មានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសំណាក់វាគ្មិនជំនាញ ជូនដល់អ្នកស្វែងរកការងារ យុវជន និងសិស្ស-និស្សិត អំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ សម្រាប់ការបង្កើនឱកាសទទួលបាន ការងារធ្វើកាន់តែប្រសើរ។

ការរៀបចំវេទិកានេះ គឺជាយន្តការនៃការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈNEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយស្វែងការងារធ្វើជូនដល់ប្រជាពលរដ្ឋ ហើយត្រូវបានរៀបចំឡើងជាប្រចាំដោយ NEA ដើម្បីជួយផ្គូរផ្គង និងផ្គត់ផ្គង់កម្លាំងពលកម្មទៅដល់ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការបុគ្គលិកនិងកម្មករនិយោជិត។

វេទិកាទស្សនកិច្ចការងារនេះ ត្រូវបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact៕

LEAVE A REPLY

Please enter your comment!
Please enter your name here