លោក ស៊ី ជីនភីង ប្ដេជ្ញាពន្លឿនកិច្ចប្រឹងប្រែងកសាងមហាយក្សចិន ឱ្យក្លាយជាប្រទេសឈានមុខគេខាងវិស័យអប់រំ

0

ដោយ៖ សុខុម

ប៉េកាំង: ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានគូសបញ្ជាក់កាលពីថ្ងៃច័ន្ទ ទី២៩ ដើមសប្ដាហ៍នេះថា រដ្ឋាភិបាលក្រុងប៉េកាំង កំពុងតែពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងមហាយក្សចិន ឱ្យក្លាយជាប្រទេសឈានមុខគេខាងវិស័យអប់រំ។

ចូលរួមជាអធិបតីក្នុងកិច្ចប្រជុំសិក្សាស្រាវជ្រាវនៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោក ស៊ី ជីនភីង បានថ្លែងថា គោលបំណងគឺដើម្បីកសាងប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យមួយលើគ្រប់ទិដ្ឋភាព ដែលជាការគាំទ្រដ៏សំខាន់សម្រាប់ការពឹងផ្អែកលើខ្លួនឯងកាន់តែប្រសើរ និងភាពខ្លាំងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការលើកកម្ពស់វិបុលភាពរួមសម្រាប់ពលរដ្ឋចិន គ្រប់រូប។

លោក ស៊ី ជីនភីង បានអំពាវនាវឱ្យពន្លឿនការធ្វើទំនើបកម្មវិស័យអប់រំដើម្បីផ្តល់ការគាំទ្រដ៏រឹងមាំសម្រាប់ការជំរុញការស្តារប្រជាជាតិចិន ឡើងវិញលើគ្រប់វិស័យ។

លោកគូសបញ្ជាក់ថា ប្រទេសចិន បានបង្កើតប្រព័ន្ធអប់រំដ៏ធំបំផុតក្នុងពិភពលោក និងបានជាប់ឈ្មោះក្នុងចំណោមប្រទេសមធ្យមកម្រិតកំពូលទាក់ទិននឹងការធ្វើទំនើបកម្មវិស័យអប់រំ ហើយថា ប្រទេសចិន បានជាប់ចំណាត់ថ្នាក់លេខ២៣ ក្នុងសន្ទស្សន៍អប់រំពិភពលោក ដោយកើនឡើងពីចំណាត់ថ្នាក់លេខ២៦ ក្នុងឆ្នាំ២០១២។

លោកបានបន្ថែមទៀតថា នេះសរបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា មាគ៌ានៃការអប់រំសង្គមនិយមតាមបែបផែនរបស់ប្រទេសចិន គឺត្រឹមត្រូវឥតខ្ចោះ។

លោក ស៊ី ជីនភីង គូសបញ្ជាក់ថា ដើម្បីកសាងភាពខ្លាំងរបស់ប្រទេសចិន ខាងវិស័យអប់រំ វាជាការចាំបាច់ណាស់ដែលត្រូវប្រកាន់ខ្ជាប់នូវភាពឈានមុខគេជាទូទៅរបស់បក្សលើវិស័យអប់រំ និងទទួលស្គាល់ថា ការស្តាររបស់ប្រទេសជាតិចិន ឡើងវិញឱ្យកាន់តែប្រសើរជាបេសកកម្មដ៏មានសារៈសំខាន់៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here