លំហូរវិនិយោគផ្ទាល់ពីបរទេសចូលប្រទេសវៀតណាមធ្លាក់ចុះជាង៧ភាគរយ ក្នុងខែមករាដល់ខែឧសភា

0

ដោយ: គង់ លាងហួរ

ហាណូយ: យោងតាមការិយាល័យស្ថិតិទូទៅ (GSO) បានឱ្យដឹងថា លំហូរវិនិយោគផ្ទាល់ពីបរទេស ដែលបានចុះបញ្ជីសរុបរបស់វៀតណាម គិតត្រឹមថ្ងៃទី២០ ខែឧសភា រួមទាំងការសន្យាថ្មី  មូលនិធិវិនិយោគបន្ថែមដល់គម្រោង ដែលមានស្រាប់ និងការទិញភាគហ៊ុនបានធ្លាក់ចុះ៧,៣ភាគរយដល់១០,៨៦ពាន់លានដុល្លារអាមេរិក។

អាជ្ញាធរស្ថិតិបានលើកឡើងថា ប្រទេសវៀតណាមបានផ្តល់អាជ្ញាប័ណ្ណចំនួន៥,២៦ពាន់លានដុល្លារនៅក្នុងគម្រោងថ្មីចំនួន៩៦២ ក្នុងអំឡុងខែមករាដល់ខែឧសភា កើនឡើង២៧,៨ភាគរយធៀបនឹងឆ្នាំមុន។

លំហូរទុនវិនិយោគជិត២,២៨ពាន់លានដុល្លារបានទៅលើគម្រោងដែលមានស្រាប់ចំនួន៤៨៥ ធ្លាក់ចុះ៥៩,៤%ធៀបនឹងឆ្នាំមុន ដែលបង្ហាញពីនិន្នាការធ្លាក់ចុះកាន់តែយឺត ខណៈមូលនិធិវិនិយោគបន្ថែមបានធ្លាក់ចុះ៧០,៣%នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។

ទិន្នន័យបានបង្ហាញថា ជនបរទេសក៏បានបណ្តាក់ទុនចំនួន៣,៣២ពាន់លានដុល្លារផងដែរ នៅក្នុងអំឡុងខែមករាដល់ខែឧសភា ពោលគឺកើនឡើង៦៧,២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការទិញភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងស្រុកវៀតណាម។

ប្រទេសសិង្ហបុរីគឺជាប្រភពកំពូលនៃលំហូរវិនិយោគផ្ទាល់ពីបរទេសក្នុងទំហំទឹកប្រាក់ជាង១,៧ពាន់លានដុល្លារ ខណៈប្រទេសចិនឈរនៅលំដាប់លេខរៀងទីពីរ។

លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច​របស់​វៀតណាម។ ការិយាល័យស្ថិតិទូទៅ  (GSO) បានកត់សម្គាល់ទៀតថា ក្រុមហ៊ុនដែលមានការវិនិយោគបរទេសគ្របដណ្តប់ជាង៧៤ភាគរយនៃការនាំចេញសរុបរបស់ប្រទេសវៀតណាមកាលពីឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here